កម្ពុជា និងវៀតណាម សម្ពោធឱ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ ខេត្តព្រៃវែង-តឹនណាម ខេត្តតៃនិញ
ខេត្តព្រៃវែង៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយ ឯកឧត្តម ផាម មិញ ជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញចូលរួម សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ខេត្តព្រៃវែង-តឹនណាម ខេត្តតៃនិញ នាព្រឹកថ្ងៃទី៨ ធ្នូ ២០២៥ ។
លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការសម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តឹនណាម ជាច្រកទ្វារតភ្ជាប់ផ្លូវសេដ្ឋកិច្ច, កិច្ចសហប្រតិបត្តិការ, ពាណិជ្ជកម្ម, និងជានិមិត្តរូបនៃមិត្តភាពជាប្រពៃណីដ៏មានតម្លៃ នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ។
សូមជម្រាបថា ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ទល់នឹងច្រកទ្វារព្រំដែនអន្តរជាតិតឹនណាម ស្ថិតនៅក្នុងស្រុកតឹងបៀង ខេត្តតៃនិញ ប្រទេសវៀតណាម។ ដំបូងឡើយ ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ- តឺនណាម គ្រាន់តែជាច្រករបៀងដែលប្រជាជននៃប្រទេសទាំងពីរ រស់នៅជិតគ្នា ដោះដូរទំនិញ និងកសិផលទៅវិញទៅមក ក្រោយមក នៅអំឡុងឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជាបានប្រែក្លាយទៅជាច្រកទ្វារតំបន់ បន្ទាប់មកទៀត រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដំឡើងច្រកនេះពីច្រកទ្វារតំបន់ទៅជា “ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ” នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៤។
បច្ចុប្បន្ន ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ផ្តល់ការដោះដូរពាណិជ្ជកម្ម ឆ្លងកាត់យ៉ាងមមាញឹក។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មសរុប មានចំនួន ១.៣៨៤.៨៤៦.៥៦៤.០០០រៀល (មួយទ្រីលាន បីរយប៉ែតសិបបួនប៊ីលាន ប្រាំបីរយសែសិបប្រាំមួយលាន ប្រាំរយហុកសិបបួនពាន់រៀល) និងទទួលបានចំណូលពន្ធគយសរុបចំនួន ១៩.០៩៥.៨២៤.០០០ រៀល ៕ ដោយ៖ វណ្ណលុក







