ក្រសួងវប្បធម៌ថ្កោលទោសកងទ័ពថៃបាញ់បំផ្លាញអគារអភិរក្សរបស់គម្រោងអភិរក្ស និងជួសជុលគោបុរៈទី៥ ប្រាសាទព្រះវិហារ

ភ្នំពេញ៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានធ្វើកាថ្កោលទោសពីសំណាក់កងទ័ពឈ្លានពាន ថៃដែលបានធ្វើការបាញ់ បំផ្លាញ អគារអភិរក្សរបស់គម្រោងអភិរក្ស និងជួសជុលគោបុរៈទី៥ ប្រាសាទព្រះវិហារ។

ក្នុងសចក្តីថ្លែងការណ៍នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥​ក្រសួងវប្បធម៌បានបញ្ជាក់ថា ព្រឹកថ្ងៃទី៨ ខែធ្នូ វេលាម៉ោង​ប្រហែល ៥ព្រឹក យោធាថៃបានបើកការបាញ់ប្រហារមកលើ ទឹកដីកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតា​មាន់ធំ និងទីតាំងផ្សេងទៀតតាម បណ្តោយព្រំដែន ដោយប្រើប្រាស់អាវុធធុនធ្ងន់ជាច្រើន។ រហូតដល់ម៉ោង ៧ព្រឹកថ្ងៃដដែល ការវាយប្រហារដោយ យោធាថៃបានបន្តមកដល់តំបន់ជុំវិញនិងទីតាំងផ្ទាល់ប្រាសាទព្រះវិហារ ដោយបានបំផ្លាញអគារអភិរក្ស​របស់គម្រោងអភិរក្ស និងជួសជុលគោបុរៈទី៥ ប្រាសាទព្រះវិហារ ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា ដែលស្ថិតនៅ​បរិវេណគោបុរៈទី៥ និង ហេដ្ឋារចនាសម្ព័ន្ធអភិរក្សដទៃទៀត។ក្រសួងវប្បធម៌បានលើកឡើងដែរថាចាប់តាំងពីប្រាសាទព្រះវិហារត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ភាគីថៃ បានបង្កើតលេសនិងបង្កជម្លោះប្រដាប់អាវុធនៅតំបន់ប្រាសាទព្រះវិហារជាច្រើនលើកច្រើនសារនៅ​ចន្លោះឆ្នាំ២០០៨ និង ឆ្នាំ២០១១ ព្រមទាំងបានបង្កជម្លោះសារជាថ្មីនៅថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥។ ការវាយប្រហារ​នេះធ្វើឡើងបន្ទាប់ពី យោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់និងជាច្រើនថ្ងៃមកហើយ ជាពិសេសឧបទ្ទវហេតុ​កាលពីថ្ងៃម្សិលមិញ នៅចំណុចព្រលានថ្ម ក្នុងតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងចេតនា ញុះញង់ឱ្យមានការប៉ះទង្គិចគ្នាជាមួយបំណងបំផ្លាញកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមថ្កោលទោសចំពោះការបង្កហេតុសារជាថ្មីម្តងទៀតនៅតំបន់ប្រាសាទព្រះវិហារ ដែលបាន​បង្កការលំបាកយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សប្រាសាទព្រះវិហារ និងការជម្លៀសមន្ត្រី បុគ្គលិក ឆ្នាំ ពលករ របស់​អាជ្ញាធរ​​ជាតិព្រះវិហារ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងតំបន់ទៅកាន់ទីកន្លែងសុវត្ថិភាព។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសូមថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាដោយនាយកដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក្រោមការសម្របសម្រួល និងធ្វើជាសាក្សី ដោយលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក Anwar Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមអំពាវនាវភាគីថៃឱ្យបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និង​ស្ថិរភាពនៅក្នុងតំបន់ ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសចំពោះសកម្មភាពឈ្លានពានរបស់ភាគីថៃ មកលើបូរណភាពទឹកដីរបស់កម្ពុជា និងការបន្តបំផ្លាញបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ ដោយបន្តរំលោភបំពាន យ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាឆ្នាំ១៩៧២ ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌និងធម្មជាតិពិភពលោក និងអនុសញ្ញាឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារសម្បត្តិវប្បធម៌ក្នុងពេលមានជម្លោះប្រដាប់អាវុធ ដែលរដ្ឋភាគីទាំងអស់នៃអនុសញ្ញានេះត្រូវគោរពយ៉ាង ម៉ឺងម៉ាត់បំផុត ហើយទាមទារឱ្យថែទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner