អ្នកនាំពាក្យក្រសួងព័ត៌មានក្រើនរំលឹកអ្នកសារព័ត៌មានអំពីការធានាសុវត្ថិភាព និង ក្រមសីលធម៌ពេលចុះយកព័ត៌មានក្នុងតំបន់ដែលរងការវាយប្រហារពីទាហានថៃ
ភ្នំពេញ៖អ្នកនាំពាក្យក្រសួងព័ត៌មាន បានក្រើនរំលឹកជាថ្មីអំពីការធានាសុវត្ថិភាពសារព័ត៌មាន និងការប្រតិបត្តិក្រមសីលធម៌ ក្នុងពេលចុះយកព័ត៌មានក្នុងតំបន់ដែលរងការបើកវាយប្រហាររបស់កងទ័ពថៃមកលើកម្ពុជា និងការរាយការណ៍ព័ត៌មានទាក់ទងនឹងសន្តិសុខជាតិ។
ឯកឧត្ដម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាននៅរសៀលថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០២៥ បានអំពាវនាវឱ្យអ្នកសារព័ត៌មានមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពខ្លួនឯង និងក្រុមការងារដែលចុះទៅជាមួយក៏ដូចជាសុវត្ថិភាពប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធក្នុងតំបន់ ដែលចុះទៅយកព័ត៌មាន។
អ្នកនាំពាក្យដដែលបញ្ជាក់ថា”ជានិច្ចជាកាលត្រូវតែផ្តល់ការសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងខេត្ត ឬក៏ទីតាំងដែលយើងចុះយកព័ត៌មាន ហើយមិនត្រូវបំពានលើបំរាមណាមួយឡើយដែលស្ថិតនៅក្នុងក្របខណ្ឌការគ្រប់គ្រង ឬតំបន់ដែលគ្រប់គ្រងមូលដ្ឋានដើម្បីធានាសុវត្តិភាព របស់អាជ្ញាធរ ក៏ដូចជាថ្នាក់ដឹកនាំខេត្តកំពុងរៀបចំគ្រប់គ្រង ធ្វើយ៉ាងណាការ ការពារសុវត្ថិភាពប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលកំពុងតែ ជម្លៀសខ្លួនចេញពី ភូមិដ្ឋានរបស់ខ្លួនដោយសារការវាយប្រហារពីកងទ័ពថៃ”។
សម្រាប់អ្នកសារព័ត៌មាន ជានិច្ចជាកាលត្រូវតែអនុលោមទៅតាម ការដាក់ចេញនូវវិធានការតំបន់ ក៏ដូចជាទីតាំងដែលពាក់ព័ន្ធ ជាពិសេសទីតាំងដែលមានហានិភ័យខ្ពស់ ដែលពាក់ព័ន្ធការការពារសុវត្តិភាពដោយសារតែ អាទិភាពនៅទីនោះមានការលំបាក ព្រោះតែអាចមានលទ្ធភាពការវាយប្រហារពីសំណាក់កងទ័ពថៃគ្រប់ពេលវេលា។
អ្នកនាំពាក្យក្រសួងព័ត៌មានបានក្រើនរំលឹកដល់អ្នកសារព័ត៌មានផងដែរថា ក្នុងពេលចុះយកព័ត៌មាន មិនត្រូវបង្ហាញព័ត៌មានដែលជាការសម្ងាត់របស់កងទ័ព ក្នុងនេះមិនត្រូវបង្ហាញរូបភាព ព័ត៌មានពាក់ព័ន្ធកងទ័ព បង្ហាញពីលេណដ្ឋានកងទ័ព សកម្មភាពកងទ័ព ឬព័ត៌មានផ្សេងទៀតដែលពាក់ព័ន្ធនឹងសន្តិសុខជាតិ ។ទាំងនេះគឺដើម្បីចូលរួមការការពារ ក្នុងការផ្តល់ព័ត៌មានពិត ប៉ុន្តែមិនត្រូវឱ្យប៉ះពាល់ទៅដល់ ការធានាសុវត្តិភាព ធានាការការពារអធិបតេយ្យភាព បូរណៈភាពទឹកដី ក៏ដូចជាព័ត៌មានពាក់ព័ន្ធនឹង សន្តិសុខជាតិ។ជានិច្ចជាកាលអ្នកសារព័ត៌មានត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈហើយត្រូវតែ គោរពតាមក្របខ័ណ្ឌនៃវិធាននានាដែលអាជ្ញាធរបានបញ្ចេញ ដើម្បីធានាសុវត្ថិភាព និងសន្តិសុខនៅក្នុងតំបន់ទាំងនោះផងដែរ៕
ដោយ៖ម៉ាដេប៉ូ