ឥណ្ឌូណេស៊ីបញ្ជាទិញឧទ្ធម្ភាគចក្រ ២០០ គ្រឿង ពង្រឹងវិស័យការពារជាតិ និងទប់ទល់គ្រោះធម្មជាតិ
ហ្សាកាតា ៖ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Prabowo Subianto ប្រកាសផែនការបញ្ជាទិញឧទ្ធម្ភាគចក្រដល់ទៅ ២០០ គ្រឿងនៅឆ្នាំ ២០២៦ ក្នុងគោលបំណងពង្រឹងសមត្ថភាពការពារជាតិ និងកែលម្អការត្រៀមខ្លួនទប់ទល់ជាមួយគ្រោះមហន្តរាយធម្មជាតិ ។ បើតាមទីភ្នាក់ងារ Anadolu, គម្រោងនេះនឹងចាប់ផ្ដើមពីខែមករា ឆ្នាំ២០២៦ តទៅ ។
លោក Prabowo បញ្ជាក់ថា ការសម្រេចចិត្តឧទ្ធម្ភាគចក្រក្នុងគ្រានេះ គឺដើម្បីដោះស្រាយបញ្ហាឲ្យទាន់សភាពការណ៍ ។ លោកថា យើងមិនអាចទិញឧទ្ធម្ភាគចក្របានតាមចិត្តចង់នោះទេ ក្នុងករណីកើតមានគ្រោះមហន្តរាយ ឬក៏សង្គ្រាមផ្ទុះឡើងភ្លាមៗ ។
ការបញ្ជាទិញឧទ្ធម្ភាគចក្ររបស់ឥណ្ឌូណេស៊ី កើតមានឡើង ក្នុងគ្រាដែលទឹកជំនន់បានឆក់យកអាយុជីវិតមនុស្សដល់ជិត ៩០០ នាក់ និង ៤៥១ នាក់ទៀតបន្តបាត់ខ្លួន ខណៈប្រហែល ៤,២០០ នាក់រងរបួស ។
ដោយឡែក មនុស្សជាង ៣ លាន ២ សែននាក់បានរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ និងការរអិលបាក់ដីដ៏ធ្ងន់ធ្ងរ ខណៈអ្នកស្រុកជាង ១ លាននាក់បង្ខំចិត្តចាកចោលផ្ទះសម្បែងរត់រកទីទួលមានសុវត្ថិភាព ដែលភាគច្រើនជាជនរងគ្រោះនៅភាគខាងជើង និងភាគខាងលិចកោះសូម៉ាត្រា និងខេត្ត Aceh ។
ឥណ្ឌូណេស៊ី តែងជួបគ្រោះមហន្តរាយធម្មជាតិដូចជាទឹកជំនន់ គ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើង ដោយសារតែប្រទេសនេះ មានសណ្ឋានដីស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្លើងនៃមហាសមុទ្រប៉ាស៊ីហ្វិក ៕
ប្រភព ៖ Anadolu agency ប្រែសម្រួល ៖ ឈឹម ទីណា


