រុស្ស៊ី ថា យុទ្ធសាស្ត្រសន្តិសុខ លោក ត្រាំ ថ្មី ស៊ីសង្វាក់គ្នានឹងចក្ខុវិស័យរបស់ខ្លួន
មូស្គូ ៖ ទីក្រុងមូស្គូ បានបង្ហាញពីការពេញចិត្តនឹងយុទ្ធសាស្ត្រសន្តិសុខ ថ្មី របស់លោក ដូណាល់ ត្រាំ ដោយចាត់ទុកថា មានភាពស៊ីសង្វាក់គ្នាយ៉ាងខ្លាំង ជាមួយនឹងចក្ខុវិស័យ របស់ប្រទេសរុស្ស៊ី។
យោងតាមការចេញផ្សាយ របស់សារព័ត៌មាន BBC កាលពីថ្ងៃអាទិត្យ, រុស្ស៊ីបានស្វាគមន៍ ឯកសារកម្រាស់៣៣ទំព័រ
ដែលត្រូវបានលាតត្រដាង ដោយរដ្ឋបាលសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន។ យុទ្ធសាស្ត្រសន្តិសុខ ថ្មី របស់ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញថា អាមេរិកមិនចាត់ទុករុស្ស៊ី ជាការគំរាមកំហែងដល់ខ្លួននោះទេ ហើយអះអាងថា អឺរ៉ុបកំពុងប្រឈមមុខនឹង ការលុបបំបាត់របបស៊ីវិល ដោយសារតែគិត លើយោធាខ្លាំងពេក ដែលពិបាករក្សាសម្ព័ន្ធមិត្ត គួរឲ្យទុកចិត្តបាន។
នៅក្នុងឯកសារនេះ, អឺរ៉ុប ត្រូវបានស្តីបន្ទោស ចំពោះការរារាំងកិច្ចខិតខំប្រឹងប្រែង របស់សហរដ្ឋអាមេរិក ក្នុងការបញ្ចប់ជម្លោះ ហើយបាននិយាយថា សហរដ្ឋអាមេរិកត្រូវតែបង្កើតស្ថិរភាពជាយុទ្ធសាស្រ្តឡើងវិញ ចំពោះប្រទេសរុស្ស៊ី ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចអឺរ៉ុប មានស្ថិរភាព។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយ ប្រាប់ទីភ្នាក់ងារព័ត៌មាន Tass កាលពីថ្ងៃអាទិត្យថា «ការកែប្រែថ្មី ដែលយើងកំពុងឃើញ… គឺ ស្របនឹងចក្ខុវិស័យរបស់យើង…យើងចាត់ទុកថា នេះជាជំហានវិជ្ជមាន»។ លោកបានបន្ថែមថា ទីក្រុងមូស្គូនឹងបន្តវិភាគឯកសារនេះ មុននឹងធ្វើការសន្និដ្ឋាន ឲ្យបានខ្លាំងជាងនេះ។
យ៉ាងណា យុទ្ធសាស្ត្រថ្មី ដែលហាក់ប្រកាន់យកនូវ ភាសាទន់ជ្រាយ សម្រាប់ប្រទេសរុស្ស៊ី ត្រូវបានមន្ត្រីសហភាពអឺរ៉ុប ព្រួយបារម្ភថា ជំហររបស់អាមេរិក ចំពោះទីក្រុងម៉ូស្គូនឹងចុះខ្សោយ ខណៈដែលមហាអំណាចមួយនេះ ជំរុញឱ្យមានការបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន៕
ប្រភពពី BBC ប្រែសម្រួល ៖ សារ៉ាត