លោក ពូទីន ថា ការចោទរុស្ស៊ីចង់វ៉ៃណាតូ ជាការគិតល្ងង់ខ្លៅសុទ្ធសាធ
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រកាសប្រាប់ពិភពលោកថា រូបលោកមិនចង់បង្កើតសហភាពសូវៀតឡើងវិញ ឬក៏មានផែនការឈ្លានពានប្រទេសសមាជិករបស់អង្គការណាតូឡើយ ការគិតបែបនេះ គឺជារឿងឆោតល្ងង់សុទ្ធសាធ។
ការប្រកាសបែបនេះរបស់លោក ពូទីន ធ្វើឡើងឆ្លើយតបការចោទប្រកាន់របស់មេដឹកនាំលោកខាងលិច ដែលនិយាយថា បើសិនមេដឹកនាំរុស្ស៊ីរូបនេះ ឈ្នះសង្គ្រាមនៅអ៊ុយក្រែន នោះថ្ងៃណាមួយ លោកនឹងដឹកនាំទ័ពវាយប្រហារអង្គការណាតូ។
ចេញមុខទាត់ចោលការចោទប្រកាន់នេះដែរ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានអះអាងប្រាប់អ្នកសារព័ត៌មានថា នេះមិនមែនជាការពិតឡើយ។ លោកប្រធានាធិបតី ពូទីន មិនចង់បង្កើតសហភាពសូវៀតឡើងវិញនោះទេ ព្រោះវាមិនអាចទៅរួចឡើយ ហើយរូបលោកផ្ទាល់ក៏បានបញ្ជាក់រឿងនេះម្តងហើយម្តងទៀត។
មិនត្រឹមតែប៉ុណ្ណោះ លោកប្រធានាធិបតី ពូទីន ថែមទាំងបដិសេធច្រើនលើកច្រើនសារថា គាត់គ្មានផែនការវាយប្រហារអង្គការណាតូទេ និងថា វិធានការបែបនេះ នឹងក្លាយជារឿងល្ងង់ខ្លៅបំផុតសម្រាប់រុស្ស៊ី ដោយសារឧត្តមភាពយោធាធម្មតារបស់អង្គការណាតូខ្លាំងជាងរុស្ស៊ី។
យ៉ាងណាមិញ បើតាម The straits times, លោកប្រធានាធិបតី ពូទីន ដែលបានកើតនៅសម័យសហភាពសូវៀតក្នុងឆ្នាំ២០០៥ បានចាត់ទុកការដួលរលំនៃសហភាពសូវៀតថា ជាមហន្តរាយភូមិសាស្ត្រនយោបាយដ៏ធំបំផុតនៃសតវត្សរ៍ទី២០ ដោយសារតែប្រជាជនរុស្ស៊ីរាប់សិបលាននាក់បានស្ថិតនៅក្នុងភាពក្រីក្រ ហើយរុស្ស៊ីខ្លួនឯងបានប្រឈមនឹងការគំរាមកំហែងនៃការបែកបាក់៕
ប្រភព ៖ The straits times ប្រែសម្រួល ៖ ឈឹម ទីណា
