លោក ត្រាំ ថា នឹងទូរស័ព្ទមកមេដឹកនាំកម្ពុជា និងថៃ បញ្ឈប់សង្គ្រាម
វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានអះអាងថា នឹងទូរស័ព្ទមកមេដឹកនាំកម្ពុជា និង ថៃ បញ្ឈប់សង្គ្រាម ក្រោយពេលផ្ទុះជម្លោះព្រំដែន ជាថ្មី។
យោងតាមការចេញផ្សាយ របស់សារព័ត៌មាន Bloomberg , លោក Trump បាននិយាយអំឡុងព្រឹត្តិការណ៍មួយ រៀបចំឡើងនៅក្នុងរដ្ឋ Pennsylvania កាលពីល្ងាចថ្ងៃអង្គារ ថា «ថ្ងៃស្អែក ខ្ញុំនឹងត្រូវធ្វើការហៅទូរស័ព្ទ ទៅប្រទេសទាំងពីរ»។ លោកបានមានប្រសាសន៍ទៀតថា «អាចនិយាយថា ខ្ញុំនឹងហៅទូរសព្ទ ទៅបញ្ឈប់សង្គ្រាមប្រទេស ដែលមានអំណាចខ្លាំងពីរ….យើងកំពុងបង្កើតសន្តិភាព ប្រកបដោយកម្លាំង»។
លោក Trump ធ្លាប់បានគំរាមកំហែងប្រទេសទាំងពីរ ជាមួយនឹងការរឹតបន្តឹងពាណិជ្ជកម្ម ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា នៅក្នុងខែកក្កដា ឆ្នាំ២០២៥ ដែលបានធ្វើឱ្យមនុស្សរាប់សិបនាក់ស្លាប់ ហើយ នៅក្នុងខែតុលា លោកបានធ្វើជាសាក្សី ក្នុងការចុះហត្ថលេខា លើកិច្ចព្រមព្រៀង Kuala Lumpur ដែលគូសបញ្ជាក់ ពីផ្លូវទៅកាន់សន្តិភាព ជាមួយនឹង កិច្ចព្រមព្រៀងពាណិជ្ជកម្ម សម្រាប់ប្រទេសទាំងពីរ។
ជាការកត់សម្គាល់ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក កាលពីថ្ងៃទី៩ ខែធ្នូ បានចេញសេចក្តីថ្លែងការណ៍ រៀបរាប់ថា «សហរដ្ឋអាមេរិកមានការព្រួយបារម្ភ ពីការបន្តប្រយុទ្ធគ្នា, ការស្លាប់និងរបួសមនុស្ស នៅច្រើនទីតាំង តាមបណ្តោយព្រំដែនកម្ពុជា-ថៃ»។
ប្រភពបន្តថា «យើងជំរុញយ៉ាងមុតមាំ ឱ្យបញ្ឈប់ជាបន្ទាន់ នូវអរិភាព, ការការពារជនស៊ីវិល និង សូមឲ្យភាគីទាំងសងខាង ត្រឡប់ទៅរកវិធានការបន្ធូរបន្ថយ ដែលមានចែង ក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុង គូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី កម្ពុជា-ថៃ និង ធ្វើជាសាក្សីដោយប្រធានាធិបតី Trump និង នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim»៕
ប្រភពពី Bloomberg ប្រែសម្រួល៖ សារ៉ាត