ឆ្នាំនេះ អ៊ីស្រាអែលបន្តជាប់ជាប្រទេសសម្លាប់អ្នកកាសែតខ្ពស់ជាងគេ

ប៉ារីស ៖ ចំនួនអ្នកកាសែតត្រូវបានសម្លាប់ទូទាំងពិភពលោកក្នុងឆ្នាំ ២០២៥ បានកើនឡើងដល់ទៅ ៦៧នាក់ ក្នុងនោះជិតពាក់កណ្តាលស្លាប់ក្រោមថ្វីដៃកងទ័ពអ៊ីស្រាអែល នេះបើតាមប្រភពពីអង្គការអ្នកកាសែតគ្មានព្រំដែន (RSF) ក្នុងថ្ងៃអង្គារ។

អង្គការ RSF ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស បានឱ្យដឹងក្នុងរបាយការណ៍ប្រចាំឆ្នាំថា នៅឆ្នាំ២០២៥នេះ មានអ្នកកាសែតស្លាប់សរុប ៦៧នាក់ទូទាំងពិភពលោក ក្នុងនោះ អ្នកកាសែតប៉ាឡេស្ទីន ២៩នាក់ស្លាប់នៅហ្គាហ្សា បើធៀបនឹងចំនួនសរុបឆ្នាំមុនមានត្រឹមតែ ៦៦នាក់។

បើតាមរបាយការណ៍ដែលកត់ត្រាការស្លាប់ក្នុងរយៈពេល១២ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤, យោធាអ៊ីស្រាអែលរ៉ាប់រងប្រហែល ៤៣ភាគរយ នៃចំនួនអ្នកកាសែតសរុបដែលត្រូវបានសម្លាប់ក្នុងឆ្នាំ២០២៥នេះ នាំឱ្យអ៊ីស្រាអែលក្លាយជាសត្រូវដ៏អាក្រក់បំផុតរបស់អ្នកសារព័ត៌មាន។

យោងតាមទិន្នន័យរបស់អង្គការ RSF, ចាប់តាំងពីសង្គ្រាមហ្គាហ្សាផ្ទុះឡើងនៅខែតុលា ឆ្នាំ២០២៣មក អ្នកកាសែតជិត ២២០នាក់ត្រូវបានសម្លាប់ ការនេះធ្វើឱ្យអ៊ីស្រាអែលក្លាយជាជាឃាតករធំបំផុតរបស់អ្នកសារព័ត៌មាននៅលើពិភពលោក សម្រាប់រយៈពេល៣ឆ្នាំជាប់ៗគ្នា។

ក្រៅពីចំនួនអ្នកកាសែតស្លាប់ របាយការណ៍ប្រចាំឆ្នាំរបស់អង្គការ RSF ក៏បានបញ្ចេញតួលេខអ្នកសារព័ត៌មានជាប់គុកនៅទូទាំងពិភពលោក ដោយសារតែការងាររបស់ពួកគេផងដែរ ក្នុងនោះអ្នកកាសែតចិន ១២១នាក់ រុស្ស៊ី ៤៨នាក់ និងមីយ៉ាន់ម៉ា ៤៧នាក់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner