កម្ពុជា ប្រាប់អន្តរជាតិពីការប្តេជ្ញាចិត្តចំពោះសេចក្តីថ្លែងការណ៍រួមទីក្រុង គូឡាឡាំពួ និងការដោះស្រាយជម្លោះដោយសន្តិវិធី

កម្ពុជា ប្រាប់បរទេសពីការវាយប្រហាររបស់ថៃ ដោយប្រើអាវុធធុនធ្ងន់មកលើទីតាំងកម្ពុជាជាច្រើន ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួស ព្រមទាំងបំផ្លិចបំផ្លាញផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងសម្បត្តិបេតិកភណ្ឌជាតិ។ កម្ពុជាបានច្រានចោលការអះអាងបំភាន់ថា កម្ពុជាបានឈ្លានពានប្រទេសថៃ ។

នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស បានធ្វើបទបង្ហាញមួយស្តីពីការផ្ទុះឡើងនូវការវាយប្រហារដោយអាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជូនដល់ប្រធាន និងតំណាងបេសកកម្មការទូតចំនួន ៣៣ប្រទេស និងទីភ្នាក់ងារអង្គការអន្តរជាតិនៅទីក្រុងភ្នំពេញ ។ ប្រធាននៃស្ថានតំណាងកម្ពុជានៅបរទេស និងសមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា ក៏បានចូលរួមស្តាប់បទបង្ហាញនេះ តាមប្រព័ន្ធវីដេអូ Zoom ពីចម្ងាយផងដែរ។

នៅក្នុងបទបង្ហាញ លោកជំទាវរដ្ឋលេខាធិការបានប្រាប់ទៅកាន់បរទេសចំពោះការថ្កោលទោសរបស់កម្ពុជាលើការវាយប្រហាររបស់ថៃ ដោយប្រើអាវុធធុនធ្ងន់ រួមមាន រថក្រោះ កាំភ្លើងធំ កាំភ្លើងត្បាល់ យន្តហោះចម្បាំង និងផ្សែងពុលមកលើទីតាំងកម្ពុជាជាច្រើន ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសមួយចំនួន ព្រមទាំងបំផ្លិចបំផ្លាញផ្ទះសម្បែង ហេដ្ឋារចនា សម្ព័ន្ធសាធារណៈ និងសម្បត្តិបេតិកភណ្ឌជាតិយ៉ាងដំណំ។

លោកជំទាវ បានច្រានចោលនូវការអះអាងបំភាន់ថា កម្ពុជាបានឈ្លានពានប្រទេសថៃ និងបានផ្តើមការវាយប្រហារ ដោយបានគូសបញ្ជាក់ថា ការវាយលុកថ្មីៗមកលើកម្ពុជា គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងអាស៊ាន និងស្មារតីនៃសហគមន៍អាស៊ាន។ លោកជំទាវបានលើកឡើង អំពីការប្រើប្រាស់កម្លាំងពីសំណាក់យោធាថៃ ក្នុងការកំណត់ព្រំដែន ដែលធ្វើឲ្យប៉ះពាល់វឌ្ឍនភាពសំខាន់ៗនៃការងារបោះបង្គោលព្រំដែនលេខ៥២-៥៩ និង៤២-៤៧ ដែលសម្រេចបានដោយគណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ។

លោកជំទាវ អ៊ាត សោភា នូវបានគូសបញ្ជាក់ពីការវាយតម្លៃខ្ពស់របស់កម្ពុជា ចំពោះវត្តមានរបស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងស្មោះស្ម័គ្ររបស់កម្ពុជាចំពោះបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍ រួមទីក្រុងគូឡាឡាំពួ ។ លោកជំទាវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជាដៃគូទាំងអស់ ដែលបានអំពាវនាវឱ្យមានការអត់ធ្មត់ និងការប្តេជ្ញាចិត្តពេញលេញចំពោះសេចក្តីថ្លែងការណ៍រួមទីក្រុង គូឡាឡាំពួ និងការដោះស្រាយជម្លោះដោយសន្តិវិធី។ លោកជំទាវបានសម្តែងក្តីសង្ឃឹមថា ប្រទេសថៃនឹង ធ្វើសកម្មភាពស្របតាមការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសន្តិភាព និងការគោរពច្បាប់អន្តរជាតិ។

នៅក្នុងការធ្វើបទបង្ហាញនេះដែរ លោកជំទាវរដ្ឋលេខាធិការ បានរំលឹកឡើងវិញអំពីការវិវត្តនៃព្រឹត្តិការណ៍ មុនឈានដល់ការបើកការវាយលុករបស់ថៃមកលើកម្ពុជា ជាពិសេសការផ្ទុះមិនកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈដែលកងកម្លាំងថៃនៅតែបន្តសកម្មភាពរំលោភបំពានការបាញ់ប្រហារលើជនស៊ីវិលនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ និងការលែងទទួលស្គាល់សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយយកលេសអំពីបញ្ហាគ្រាប់មីន ដែលជាការចោទប្រកាន់គ្មានមូលដ្ឋាន៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner