ជនសង្ស័យ១២៥នាក់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការចំនួនពីរ

ព្រះសីហនុ៖ក្រុមជនសង្ស័យមានស្រីមានប្រុសចំនួន១២៥នាក់​(ស្ត្រី៥២នាក់)ក្នុងនោះមានជនជាតិថៃចំនួន៧៥នាក់ផង ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួនក្នុងប្រតិបត្តិការចំនួនពីរដាច់ដោយ​ឡែកពីគ្នាក្នុងថ្ងៃតែមួយនៃថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នៅរាជ​ធានី​ភ្នំពេញ និង​ខេត្តព្រះសីហនុ ។ខណៈនេះជនសង្ស័យពាក់ព័ន្ធ​បទល្មើសឆបោកតាម​ប្រព័ន្ធបច្ចេកវិទ្យា (Online Scam)ត្រូវបាន​សមត្ថកិច្ច​បន្ត​អនុវត្តតាមនីតិវិធី​ច្បាប់និងស្វែងរកមេខ្លោង។

ប្រតិបត្តិការទី១ជាប្រតិបត្តិការចម្រុះរវាងសមត្ថកិច្ចកម្ពុជានិងកូរ៉េ ប្រព្រឹត្តទៅនៅទីតាំងអគារ XIN DU HAI (ជាន់ទី៥) ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង ខេត្តព្រះសីហនុ​ក្រោយរបាយ​ការណ៍ស្រាវជ្រាវរបស់​សមត្ថកិច្ចបញ្ជាក់ការសង្ស័យថា​ មានការលបលួចប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា។ក្រោយការឆ្មក់ឆែកឆេរជនសង្ស័យ​ចំនួន៥០នាក់ ក្នុងនោះមានស្ត្រី៤នាក់ ត្រូវបានកម្លាំង​សមត្ថកិច្ច​ឃាត់​ខ្លួន។ជាមួយ​គ្នានេះសមត្ថកិច្ចក៏បានជួយសង្គ្រោះជនជាតិកូរ៉េ​ខាងត្បូងចំនួន២នាក់ ដែលជាជនរងគ្រោះ និងបានរឹបអូសសម្ភារៈ​ជាវត្ថុតាង​រួមមាន កុំព្យូទ័រ (All in one) ចំនួន ៦៣គ្រឿង, ទូរសព្ទចំនួន ៦០គ្រឿង និង IPAD ចំនួន ៦០គ្រឿង។

ប្រភពបានបញ្ជាក់ថា ប្រតិបត្តិការរួមគ្នារវាងកម្ពុជា និងកូរ៉េខាងត្បូង​នេះ ត្រូវបានដឹកនាំធ្វើឡើងកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សហការ​ជាមួយ​អគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពខេត្ត​ព្រះសីហនុ ដោយមានការ​សម្រប​សម្រួលនីតិ​វិធីពីតំណាង​អយ្យការ​អមសាលាដំបូងខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ដោយបានចុះត្រួតពិនិត្យ​ទី​តាំងសង្ស័យខាងលើ និងបានឈានដល់​ការឃាត់ខ្លួនជនសង្ស័យ​ទាំងនោះ។

ចំណែកប្រតិបត្តិការទី២ ធ្វើឡើងនៅទីតាំងកសិដ្ឋានឈ្មោះ អមរៈ ស្ថិតក្នុងភូមិកោះក្របី១ សង្កាត់​ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានី​ភ្នំពេញក្រោមបទសង្ស័យដូចគ្នា។ ជនជាតិថៃចំនួនចំនួន ៧៥នាក់ ក្នុងនោះមានស្ត្រី ៤៨នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច​ចម្រុះ​​កម្ពុជា​ឃាត់ខ្លួនក្នុងប្រតិបត្តិការនេះ។ជនសង្ស័យនិងវត្ថុតាង ត្រូវបាន​ប្រគល់ជូនអគ្គស្នង​ការ​ដ្ឋាននគរបាលដើម្បីបន្តអនុវត្ត​តាមនីតិវិធី​ច្បាប់។ ចំណែកឯទីតាំងកសិដ្ឋានត្រូវបានបិទបណ្តោះ​អាសន្ន។

សូមបញ្ជាក់ថា ក្នុងក្របខ័ណ្ឌយុទ្ធនាការបោសសម្អាតការ​ឆបោក​តាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំង​ប្រទេសនឹង​ចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោង​ទាំង​ឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេក​វិទ្យានេះ ដោយគ្មានការលើកលែង៕
ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner