ត្រឹម ១ ខែ កុមារហ្គាហ្សាជាង ៩ ពាន់នាក់ដេកក្នុងមន្ទីរពេទ្យ ព្រោះកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ
ហ្គាហ្សា ៖ ត្រឹមតែ ១ ខែតុលាប៉ុណ្ណោះ កុមារហ្គាហ្សាជាង ៩ ពាន់នាក់ត្រូវបានបញ្ជូនចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែបញ្ហាកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ។ នេះបើតាមតួលេខចុងក្រោយបំផុតរបស់អង្គការសហប្រជាជាតិ ។
អ្នកនាំពាក្យអង្គការ Unicef លោកស្រី Tess Ingram និយាយថា បញ្ហាកង្វះអាហារូបត្ថម្ភនេះបណ្ដាលឲ្យទារកទើបនឹងកើតជាច្រើននាក់ក្នុងមន្ទីរពេទ្យហ្គាហ្សា មានទម្ងន់តិចជាង ១ គីឡូក្រាម និងដកដង្ហើមស្ទើរមិនដល់គ្នា ។
ក្នុងអំឡុងខែតុលាដដែល ស្ត្រីមានផ្ទៃពោះ និងកំពុងបំបៅដោះកូន ប្រហែល ៨,៣០០ នាក់ ក៏ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរផងដែរ ។
បញ្ហាកង្វះអាហារូបត្ថម្ភនេះកើតមានឡើង ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សាដែលសម្របសម្រួលដោយលោក ដូណាល់ ត្រាំ បានចូលជាធរមាននៅថ្ងៃទី១០ ខែតុលាក៏ដោយ ។
បើតាមក្រសួងសុខាភិបាលតំបន់ហ្គាហ្សា, អ៊ីស្រាអែលបានជាន់ឈ្លីកិច្ចព្រមព្រៀឈប់បាញ់ជិត ៦០០ លើក និងបានផ្ដាច់យកជីវិតពលរដ្ឋប៉ាឡេស្ទីនចំនួន ៣៧៦ នាក់ ។
ក្នុងសង្គ្រាមរយៈពេលជាង ២ ឆ្នាំមកនេះ អ៊ីស្រាអែលបានសម្លាប់ពលរដ្ឋស្លូតត្រង់ជាង ៧ ម៉ឺននាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ខណៈមនុស្សជិត ១ ម៉ឺន ៧ ពាន់នាក់ផ្សេងទៀតបានរងរបួស ៕
ប្រភព ៖ The guardian និង Anadolu ប្រែសម្រួល ៖ ឈឹម ទីណា


