ព្រះមហាក្សត្រព្រះរាជទាន ១០ម៉ឺដុល្លារ ដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជារាស្ត្រភៀសសឹក

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យចំនួនដប់ម៉ឺនដុល្លារអាមេរិក ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជារាស្ត្រភៀសសឹក នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមខាងលើនេះត្រូវបានសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង ប្រគល់ជូន លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញឹកកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំក្រសួងព្រះបរមរាជវាំង។

បន្ទាប់ពីទទួលបានព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមខាងលើនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ សារលិខិតនោះមានខ្លឹមសារដើមថា៖ «ខ្ញុំម្ចាស់ ព្រមទាំងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយឥតឧបមា ដោយបានទទួល ព្រះរាជទ្រព្យ ចំនួន 100.000USD (មួយរយពាន់ដុល្លារអាម៉េរិក) ដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តាមរយៈ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដែលជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមជួយដល់ប្រជារាស្ត្រ ភៀសសឹក ដែលកំពុងជួបប្រទះការលំបាកខ្វះខាត បណ្តាលមកពីសង្គ្រាមឈ្លានពាននៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ»។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសូមព្រះបរមរាជានុញ្ញាត ថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុត ថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ដែលតែងតែសព្វព្រះរាជហឫទ័យប្រោស ព្រះរាជទានព្រះរាជទ្រព្យជួយដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា គ្រប់កាលៈទេសៈ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner