UN ចាត់ទុកឆ្នាំនេះ ថាជាឆ្នាំដែលជនស៊ីវិលអ៊ុយក្រែនជួបការបង្ហូរឈាមបំផុត

អ.ស.ប ៖ អង្គការសហប្រជាជាតិបានចាត់ទុកឆ្នាំ២០២៥ ជាឆ្នាំជនស៊ីវិលនៅអ៊ុយក្រែនជួបប្រទះការបង្ហូរឈាមបំផុតមួយ ខណៈការទម្លាក់គ្រាប់បែករបស់រុស្ស៊ី លើទីក្រុងនានារបស់ប្រទេសនេះ កាន់តែខ្លាំងក្លាឡើង ។ នេះបើតាមការចុះផ្សាយពី the new voice of ukrain។

អ្នកនាំពាក្យនៃនាយកដ្ឋានកិច្ចការនយោបាយ និងកសាងសន្តិភាពរបស់អង្គការសហប្រជាជាតិ លោកស្រី Kayoko Gotoh និយាយថា ការស្លាប់របស់ជនស៊ីវិលនៅអ៊ុយក្រែន ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតក្នុងអត្រា ២៤% ខ្ពស់ជាងអំឡុងពេលដូចគ្នាក្នុងឆ្នាំ២០២៤ ។

លោកស្រី Gotoh បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខយូអិនក្នុងថ្ងៃអង្គារថា មនុស្សជាង ៣៩.០០០នាក់បានរងរបួស ក្នុងចំណោមនោះ មានកុមារជាង ២.៤០០នាក់ ខណៈរុស្ស៊ីបន្តការវាយប្រហារតាមអាកាសទូទាំងប្រទេសអ៊ុយក្រែន ។

ជាមួយគ្នានេះ លោកស្រី Gotoh បានព្រមានថា ការវាយប្រហារជាប្រព័ន្ធលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន អំឡុងរដូវរងា នឹងបង្កការគំរាមកំហែងដល់ការកាត់ផ្តាច់ថាមពលកម្ដៅ ទឹក និងការដឹកជញ្ជូនសាធារណៈសម្រាប់មនុស្សរាប់លាននាក់

បើតាមអ្នកនាំពាក្យរូបនេះ, សាលារៀនអ៊ុយក្រែនជាង ៣៤០កន្លែងត្រូវបំផ្លាញ ហើយសហគមន៍ជួរមុខក្នុងតំបន់ Donetsk តំបន់ Kharkiv តំបន់ Kherson និងតំបន់ Sumy កំពុងលំបាកខ្លាំង ក្នុងការទទួលបានសេវាមូលដ្ឋានដ៏ចាំបាច់ ។

គួរកត់សម្គាល់ ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំលុកលុយអ៊ុយក្រែនជិត ៤ឆ្នាំមកនេះ អង្គការសហប្រជាជាតិបានបញ្ជាក់ពីការស្លាប់ជនស៊ីវិលចំនួន ១៤.៧៧៥នាក់ រួមទាំងកុមារចំនួន ៧៥៥នាក់ ៕

ប្រភព ៖ the new voice of ukrain ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner