ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានទទួលជួបពិភាក្សាការងារជាមួយ នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ប្រចាំតំបន់អាស៊ីអាគ្នេយ៍
ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ. រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ លោក Jean-Pierre MARCELLI នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (The Agence Française de Développement – AFD) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅទីស្ដីការ ក.ប.ទ.។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនលោកនាយក អំពីភាពជោគជ័យនៃការរៀបចំវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ទស្សនវិស័យរបស់ក្រសួងក្នុងដំណើរនៃបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការអភិវឌ្ឍថ្នាលនិងកម្មវិធីរាជរដ្ឋាភិបាលឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល។ លើលពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ជំរុញឱ្យធុរកិច្ចនៃបណ្តារដ្ឋសមាជិកកិច្ចប្រជុំហ្រ្វង់កូហ្វូនី ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ហ្វ្រង់កូតិច ដែលនឹងរៀបចំឡើងនៅក្នុងឆ្នាំ២០២៦ នៅកម្ពុជា។
ជាការឆ្លើយតប លោកនាយក បានថ្លែងកោតសរសើរចំពោះសមិទ្ធផលថ្មីៗរបស់ក្រសួង ជាពិសេសអបអរសាទរចំពោះថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ដែលជាថ្នាលមួយទទួលបានភាពជោគជ័យនិងការចាប់អារម្មណ៍ពីសំណាក់ប្រទេសជាច្រើន ព្រមទាំងត្រូវបានប្រទេសមួយចំនួនក្នុងតំបន់យកជាគំរូនិងស្នើសុំយកទៅប្រើប្រាស់ក្នុងប្រទេសរបស់ខ្លួន។ លើសពីនេះ លោកនាយក បានក៏សម្តែងការគាំទ្រនិងបន្តពិភាក្សាជាមួយ ក.ប.ទ. លើគម្រោងនានាដែលបាននិងកំពុងសិក្សារួមគ្នា។
មុននឹងបញ្ចប់ ភាគីទាំងពីរបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ជាពិសេសការអនុវត្តអនុស្សរណៈនៃការយោគយល់រវាងស្ថាប័នទាំងពីរដែលបានចុះហត្ថលេខាក្នុងអំឡុងព្រឹត្តិការណ៍វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល៕
ដោយ៖ង៉ាន់ ទិត្យ





