ប៉ូឡូញឱ្យយន្តហោះចម្បាំងអ៊ុយក្រែន ជាថ្នូរនឹងបច្ចេកវិទ្យាយានដ្រូន
វ៉ាសូវី ៖ ប្រទេសប៉ូឡូញកំពុងថ្លឹងថ្លែងលើជម្រើសផ្ទេរយន្តហោះចម្បាំង MiG-29 ទៅកាន់ប្រទេសអ៊ុយក្រែន ជាថ្នូរនឹងលទ្ធភាពទទួលបានបច្ចេកវិទ្យាផលិតយន្តហោះគ្មានមនុស្សបើក ឬយានដ្រូនរបស់ទីក្រុងកៀវ។
ពាក់ព័ន្ធផែនការនេះ រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz ក្នុងថ្ងៃពុធ និយាយថា យើងកំពុងចរចាជាមួយភាគីអ៊ុយក្រែន អំពីការផ្ទេរយន្តហោះចម្បាំង MiG-29 ហើយយើងក៏កំពុងពិភាក្សា អំពីការផ្ទេរបច្ចេកវិទ្យាមកកាន់ប៉ូឡូញវិញដែរ ដូចជាការផលិតយន្តហោះដ្រូន។ សាមគ្គីភាពនេះត្រូវតែមានទៅមានមក។
បើតាមអគ្គសេនាធិការកងទ័ពប៉ូឡូញ, យុទ្ធសាស្រ្តនេះ នឹងក្លាយជាធាតុផ្សំចម្បងដល់គោលនយោបាយសម្ព័ន្ធមិត្ត ក្នុងការគាំទ្រអ៊ុយក្រែនប្រយុទ្ធនឹងរុស្ស៊ី ពិសេសថែរក្សាសន្តិសុខព្រំដែនប៉ែកខាងកើតរបស់អង្គការណាតូ។
ភារកិច្ចរបស់យន្តហោះចម្បាំង MiG សល់ពីសម័យសូវៀត នឹងត្រូវបានអនុវត្តជំនួសដោយយន្តហោះ F-16 និង FA-50។ យន្តហោះចម្បាំង MiG-29 ជាច្រើនគ្រឿងត្រូវបានខ្នងបង្អែកអឺរ៉ុបប្រគល់ឲ្យអ៊ុយក្រែន ដើម្បីយកមកតទល់ជាមួយរុស្ស៊ីក្នុងសង្គ្រាមដ៏ក្តៅគគុក ចាប់តាំងពីឆ្នាំ២០២២មក។
ប៉ូឡូញ គឺជាសម្ព័ន្ធមិត្តដ៏សំខាន់ដែលគាំទ្រអ៊ុយក្រែន និងតែងតែជាប្រទេសឈានមុខគេមួយ ក្នុងការផ្គត់ផ្គង់សព្វាអាវុធដល់ទីក្រុងកៀវ ហើយក៏ជាប្រទេសដំបូងគេដែលសន្យាផ្តល់រថក្រោះ Leopard 2 ដល់អ៊ុយក្រែនផងដែរ៕
ប្រភព ៖ the straits times ប្រែសម្រួល ៖ ឈឹម ទីណា

