លោក ត្រាំ ថា អាមេរិករឹបអូសកប៉ាល់ដឹកប្រេងធំបំផុតនៅឆ្នេរសមុទ្រវេណេស៊ុយអេឡា

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងថ្ងៃពុធ និយាយថា យោធាអាមេរិកបានស្ទាក់ចាប់ និងរឹបអូសកប៉ាល់ដឹកប្រេងមួយគ្រឿង ដែលជាប់ទណ្ឌកម្ម នៅឯឆ្នេរសមុទ្រនៃប្រទេសវេណេស៊ុយអេឡា។

ចំណាត់ការក្តៅរបស់អាមេរិកនេះ បានធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្ពស់ភ្លាមៗ និងជាការដុតបញ្ឆេះភាពតានតឹងថែមមួយកម្រិតទៀត រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងការ៉ាកាស់។

លោកប្រធានាធិបតី ត្រាំ ដែលជំរុញឱ្យលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ចុះចេញពីអំណាច បានលើកឡើងថា យោធាអាមេរិករឹបអូសបានកប៉ាល់ដឹកប្រេងមួយគ្រឿងនៅឆ្នេរសមុទ្រវេណេស៊ុយអេឡា… វាជាកប៉ាល់ដឹកប្រេងធំបំផុត… ធំខ្លាំងមិនធ្លាប់មាន ហើយរឿងផ្សេងទៀតក៏កំពុងកើតឡើងដែរ។

នៅពេលត្រូវបានសាកសួរថាតើអាមេរិកនឹងធ្វើអ្វីចំពោះប្រេងទាំងនោះ? លោក ត្រាំ បាននិយាយយ៉ាងខ្លីថា ខ្ញុំគិតថា យើងនឹងរក្សាទុកវាសិន។ ទន្ទឹមគ្នា មន្រ្តីរដ្ឋបាលលោក ត្រាំ មិនបានបញ្ជាក់អត្តសញ្ញាណកប៉ាល់ដឹកប្រេងនេះទេ ហើយក៏មិនបានប្រាប់ពីមូលហេតុរឹបអូសវាដែរ។

ជាការឆ្លើយតប រដ្ឋាភិបាលវេណេស៊ុយអេឡានិយាយថា ខ្លួននឹងចាត់វិធានការការពារអធិបតេយ្យភាព មិនថាធនធានធម្មជាតិ និងកត្តិយសមុខមាត់ជាតិ ជាមួយការប្តេជ្ញាចិត្តយ៉ាងម៉ឺងមាត់ និងថ្កោលទោសការរឹបអូសនាវាដឹកប្រេង នៅចំពោះមុខស្ថាប័នអន្តរជាតិ។

ចាប់តាំងពីដើមខែកញ្ញាឆ្នាំនេះ រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានដឹកនាំការវាយប្រហារផ្លូវអាកាសច្រើនជាង ២០លើករួចមកហើយ ប្រឆាំងនឹងទូកសង្ស័យដឹកគ្រឿងញៀននៅសមុទ្រការ៉ាប៊ីន និងប៉ាស៊ីហ្វិក។ ហើយជាលទ្ធផលនោះ មានជនសង្ស័យច្រើនជាង ៨០នាក់ត្រូវបានសម្លាប់៕

ប្រភព ៖ Japan Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner