វេណេស៊ុយអេឡាហៅអាមេរិក “ចោរសមុទ្រ”
ការ៉ាកាស់ ៖ វេណេស៊ុយអេឡាចោទប្រកាន់សហរដ្ឋអាមេរិកចំៗថា ធ្វើខ្លួនដូច “ចោរសមុទ្រ” បន្ទាប់ពីកងឆ្មាំសមុទ្រ និងទីភ្នាក់ងារអនុវត្តច្បាប់អាមេរិក បានធ្វើប្រតិបត្តិការឡោមព័ទ្ធរឹបអូសកប៉ាល់ដឹកប្រេង ដែលចោទថា ជាប់ទណ្ឌកម្ម នៅឯសមុទ្រការ៉ាប៊ីន ។

រដ្ឋមន្ត្រីយុត្តិធម៌អាមេរិក លោកស្រី Pam Bondi និយាយថា ទីភ្នាក់ងារ FBI ក្រសួងការពារជាតិ ក្រសួងសន្តិសុខមាតុភូមិ ឆ្មាំល្បាតឆ្នេរអាមេរិក និងមានការគាំទ្រពីយោធាអាមេរិក បានអនុវត្តដីការឹបអូសកប៉ាល់ដឹកប្រេងឆៅមួយគ្រឿង ដែលប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រេង ដែលជាប់ទណ្ឌកម្មពីវេណេស៊ុយអេឡា និងអ៊ីរ៉ង់ ។ នេះបើតាម BBC។

ជាការឆ្លើយតប វេណេស៊ុយអេឡាបានប្រកាសថ្កោលទោសអាមេរិក និងបានចោទប្រកាន់ចំៗថា នេះជាប្រតិបត្តិការមានគោលបំណងលួចធនធានទ្រព្យសម្បត្តិប្រទេសដទៃ ។ ការរឹបអូសកប៉ាល់ដឹកប្រេងនេះដែរ គឺប្រៀបដូចជាអំពើចោរកម្មយ៉ាងសាហាវ និងជាសកម្មភាពក្រុមចោរសមុទ្រអន្តរជាតិ ។
យោងតាមប្រមុខការទូតវេណេស៊ុយអេឡា លោក Yvan Gil Pinto, គោលបំណងធំរបស់អាមេរិក គឺចង់លេបយកធនធានប្រេងវេណេស៊ុយអេឡា ដូច្នេះទីក្រុងការ៉ាកាស់ប្តេជ្ញាចិត្តដាច់ខាត ដើម្បីការពារអធិបតេយ្យភាព ធនធានធម្មជាតិ និងសេចក្តីថ្លៃថ្នូររបស់ជាតិ ។
បើតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយជាច្រើន, កប៉ាល់ដឹកប្រេងខ្នាតយក្ស The Skipper ដោតទង់ជាតិ Guyana នេះ បានជាប់ទណ្ឌកម្មអាមេរិកនៅឆ្នាំ ២០២២ ពាក់ព័ន្ធនឹងការលួចផ្គត់ផ្គង់ប្រេងដល់អ៊ីរ៉ង់ និងក្រុមសកម្មប្រយុទ្ធ Hezbollah ។ យោងតាមរ៉យទ័រ, កប៉ាល់នេះបានចាកចេញពីទីក្រុង Puerto Jose ប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃទី ៤និង៥ ខែធ្នូ បន្ទាប់ពីបានផ្ទុកប្រេងឆៅប្រហែល ១,១លានបារ៉ែល។
គួរកត់សម្គាល់ ចាប់តាំងពីដើមខែកញ្ញាឆ្នាំនេះ រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានដឹកនាំការវាយប្រហារផ្លូវអាកាសច្រើនជាង ២០លើករួចមកហើយ ប្រឆាំងនឹងទូកសង្ស័យដឹកគ្រឿងញៀននៅសមុទ្រការ៉ាប៊ីន និងប៉ាស៊ីហ្វិក ។ ហើយជាលទ្ធផលនោះ មានជនសង្ស័យច្រើនជាង ៨០នាក់ត្រូវបានសម្លាប់ ៕
ប្រភព ៖ RT, BBC និង Reuters ប្រែសម្រួល ៖ ឈឹម ទីណា
