ក្រសួងការពារជាតិ ៖ ថៃបើកការបាញ់ប្រហារតាំងពីយប់ថ្ងៃទី១១ ដល់ព្រឹកថ្ងៃទី១២ ធ្នូ ២០២៥

ភ្នំពេញ ៖ យោងតាមសេចក្ដីរាយការណ៍បព័ត៌មានពីលោកជំទាវម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិនៅព្រឹកថ្ងៃទី ១២ ធ្នូ ២០២៥ បានឱ្យដឹងថា ចាប់តាំងពីយប់ថ្ងៃទី១១ រហូតដល់ព្រឹកថ្ងៃទី ១២ ធ្នូ ២០២៥ យោធាថៃបានបើកការបាញ់ប្រហារមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាដោយមិនរើសទីតាំង នៅលើទីតាំងជាច្រើន ។

យោងតាមលោកជំទាវម៉ាលី សុជាតា បានឱ្យដឹងថា សម្រាប់យោធភូមិភាគទី៤ ភាគីថៃ បានបើកការបាញ់ប្រហារមកលើកម្ពុជា គិតចាប់តាំងពីវេលាម៉ោង២២និង០០នាទីយប់ថ្ងៃទី១១ ខែធ្នូ២០២៥ រហូតដល់ដល់វេលាម៉ោង ៧និង០០នាទីព្រឹកថ្ងៃទី១២ ធ្នូ ២០២៥ ។ នៅវេលាម៉ោង២២និង០៨នាទីយប់ថ្ងៃទី១១ ធ្នូ យោធាថៃបានបាញ់កាំភ្លើងបំពាក់លើរថក្រោះនៅតំបន់ជាំតែនិងតំបន់ផ្ទះតាម៉ុក ។ នៅវេលាម៉ោង២២ និង៣៧នាទីយោធាថៃបានបាញ់ចូលភូមិសាស្ត្រទួល៩៥ ។

រហូតដល់ព្រឹកថ្ងៃទី១២ ខែធ្នូ ២០២៥ យោធាថៃបានបន្តធ្វើសកម្មភាពបាញ់ប្រហារមកលើកម្ពុជានៅវេលាម៉ោង១២ និង១៥នាទីរំលងអាធ្រាត្រ ដោយបានបាញ់កាំភ្លើងត្បាល់និងកាំភ្លើងយន្តនៅក្នុងភូមិសាស្ត្រប្រាសាទតាមាន់ និងប្រាសាទតាក្របី ។ នៅវេលាម៉ោង៤និង០០នាទីព្រឹក យោធាថៃបានចាប់ផ្ដើមប្រើប្រាស់កាំភ្លើងត្បាល់ និងកាំភ្លើងយន្តនៅគ្រប់គោលដៅនៅតំបន់អានសេះ ភ្នំ៥០០ អូរផ្កាស្នេហ៍ ទ្វារដែក និងភ្នំពងចាប ហើយនៅវេលាម៉ោង៧និង ០៥នាទី យោធាថៃបានវាយប្រហារដោយកាំភ្លើងធំគ្រប់ធុន ទៅទីតាំងថ្មដូន ជប់គរគី និងប្រាសាទតាក្របី ។

សម្រាប់ស្ថានភាពជួរមុខនៅយោធភូមិភាគទី៥ ដោយភាគីថៃបានបន្តចាប់ផ្ដើមបាញ់ប្រហារមកលើកម្ពុជាដោយគិតចាប់តាំងពីវេលាម៉ោង២២ និង០០នាទីថ្ងៃទី១១ ខែធ្នូ ឆ្នា ២០២៥ រហូតដល់វេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃទី១២ ធ្នូ ២០២៥។
នៅវេលាម៉ោង២២និង០១នាទី យោធាថៃបានបាញ់ផ្សែងពុលក្នុងភូមិសាស្ត្រភូមិព្រៃចាន់ ហើយនៅវេលាម៉ោង២២និង០៨នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន ។ នៅវេលាម៉ោង២២និង៤៥នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់ និងភូមិសាស្ត្របឹងត្រកួន ហើយនៅវេលាម៉ោង២៣ និង២០នាទីយោធាថៃ បានប្រើប្រាស់កាំភ្លើងយន្តបាញ់ចូលក្នុងភូមិសាស្ត្រភូមិព្រៃចាន់ ។ នៅម៉ោង២៣ និង៤៨នាទី ថៃ បានប្រើប្រាស់ដ្រូនហោះស៊ើបការណ៍នៅក្នុងភូមិសាស្ត្រភូមិព្រៃចាន់ ។

រហូតដល់ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២៥ នៅវេលាម៉ោង៦ និង២៧នាទី យោធាថៃបានចាប់ផ្ដើមបើកការបាញ់ប្រហារបាញ់ផ្លោងចូលទៅក្នុងភូមិទំនប់ដាច់ ហើយនៅម៉ោង៦និង៤០នាទីកម្លាំងថ្មើជើងរបស់យោធាថៃបានចាប់ផ្ដើមធ្វើសកម្មភាពចូលទៅក្នុងភូមិសាស្ត្រភូមិជោគជ័យ ។ នៅម៉ោង៧និង០២នាទី កម្លាំងថ្មើជើងរបស់យោធាថៃបានចាប់ផ្ដើមធ្វើសកម្មភាពនៅភូមិសាស្ត្រភូមិព្រៃចាន់ ហើយនៅម៉ោង៧និង០២នាទី យោធាថៃបានចាប់ផ្ដើមបាញ់មកលើភូមិសាស្ត្រភូមិជោគជ័យ ក្រោយមកយោធថៃក៏បានបាញ់ផ្លោងជ្រុំមកលើភូមិសាស្ត្រភូមិព្រៃចាន់ ។ នៅម៉ោង៧និង២០នាទី យោធាថៃក៏បានបន្តបាញ់ផ្លោងទៅក្នុងភូមិសាស្ត្រភូមិព្រៃចាន់បន្តទៀត ។

នៅម៉ោង៧ និង៤៣នាទី យោធថៃក៏បានប្រើប្រាស់រថពាសដែកចូលទៅក្នុងភូមិសាស្ត្របឹងត្រកួន ហើយនៅម៉ោង៧និង៥៧នាទី យោធាថៃ បានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្របឹងត្រកួន ។ ចំពោះស្ថានការណ៍នៅភូមិសាស្ត្រផ្សេងទៀតមានសភាពស្ងប់ស្ងាត់។

លោកជំទាវម៉ាលី សុជាតាបានបញ្ជាក់ថាកាលថ្ងៃទី១១ ធ្នូ ២០២៥ សកម្មភាពដ៏កម្រោលរបស់យោធាថៃ បានបាញ់ដោយមិនរើសគោលដៅ បាញ់ចូលក្នុងភូមិឋានរបស់ប្រជាពលរដ្ឋរស់នៅជាពិសេសបាញ់ចំសាលារៀនរបស់កុមារ មន្ទីរពេទ្យ និងបាញ់ចូលប្រាសាទតាក្របី ប្រាសាទព្រះវិហារ ដែលជាសក្ការៈរបស់កម្ពុជានិងជាបេតិកភណ្ឌរបស់មនុស្សជាតិ ។

ទង្វើដ៏សាហាវនេះបានបង្ហាញពីអសីលធម៌ និងប្រមាថមាកងាយដល់អាយុជីវិតមនុស្ស វប្បធម៌ អរិយធម៌ និងជាទីសក្ការៈមរតកមនុស្សជាតិ ៕

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner