ចិន ប្រាប់ពលរដ្ឋគួរកុំទៅ ជប៉ុន ប្រយ័ត្នជួបគ្រោះរញ្ជួយដីធ្ងន់ធ្ងរ

ប៉េកាំង ៖ រដ្ឋាភិបាលនិយាយថា ប្រជាជនចិនគួរតែជៀសវាងធ្វើដំណើរទៅជប៉ុនក្នុងពេលនេះ ព្រោះប្រទេសមួយនេះ កំពុងប្រឈមហានិភ័យកើតមានគ្រោះរញ្ជួយដីធ្ងន់ធ្ងរ ។ នេះបើតាម NHK ។

ក្រសួងការបរទេសចិនបានបញ្ជាក់នៅលើគេហទំព័រផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍ ថា មូលហេតុដែលចិនប្រកាសបែបនេះ គឺយោងតាមស្ថានភាពបច្ចុប្បន្ន គ្រោះរញ្ជួយដីជាបន្តបន្ទាប់បានកើតឡើងចាប់តាំងពីថ្ងៃទី៨ ខែធ្នូ នៅភាគខាងកើតឆ្នេរសមុទ្រកោះ Honshu របស់ប្រទេសជប៉ុន ។

ក្រសួងបន្តថា អាជ្ញាធរជប៉ុនក៏បានប្រកាសដែរថា មានឱកាសច្រើនដែលគ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារប្រទេសក្នុងតំបន់ រួមទាំងជប៉ុន នាពេលអនាគតឆាប់ៗនេះ ក្រោយកើតមានការរញ្ជួយដីក្នុងកម្រិត ៧.៥រ៉ិកទ័រ កាលពីថ្ងៃចន្ទដើសប្តាហ៍ ។

ក្រសួងបន្ថែមថា គ្រោះមហន្តរាយធម្មជាតិនេះ បង្កឱ្យមានរលកយក្សស៊ូណាមិ និងមនុស្សជាច្រើនរងរបួសធ្ងន់-ស្រាល ខណៈអ្នកស្រុកច្រើនជាង ១០០,០០០នាក់បង្ខំចិត្តជម្លៀសខ្លួនទៅកាន់ទីទួលមានសុវត្ថិភាពជាបន្ទាន់ ។

បើតាមកាសែតរ៉យទ័រ, ជប៉ុន ត្រូវបានចាត់ទុកថា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះ ពីការរញ្ជួយដីខ្លាំងបំផុតរបស់ពិភពលោក ហើយរដ្ឋាភិបាលបានមើលឃើញថា ខ្លួនមានឱកាសប្រហែល ៨០% នៃការកើតមានគ្រោះរញ្ជួយដីកម្រិតពី ៨ ទៅ ៩ រ៉ិកទ័រ នៅតាមតំបន់បាតសមុទ្រ ដែលគេស្គាល់ថាជាតំបន់ Nankai Trough ៕

ប្រភព ៖ NHK និង Reuters ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner