អាល្លឺម៉ង់ គ្រោងផលិតមីស៊ីល Taurus សាហាវជាងមុន ដើម្បីទប់ទល់រុស្ស៊ី
ប៊ែរឡាំង ៖ ប្រទេសអាល្លឺម៉ង់មានគម្រោងចាប់ផ្តើមផលិតមីស៊ីលបញ្ជាទិសរយៈចម្ងាយឆ្ងាយបាញ់ពីអាកាស Taurus ជំនាន់ថ្មីនៅឆ្នាំ ២០២៩ ។ នេះបើតាមកាសែតរ៉យទ័រ ។
មីស៊ីល Taurus ថ្មីនេះ មានឈ្មោះថា Taurus NEO ។ មីស៊ីលនេះកើតចេញពីសំណើកញ្ចប់ថវិកាប្រហែល ៤៨៣ លានដុល្លារ ហើយគ្រោងនឹងផលិតឡើងក្រុមហ៊ុនផលិតសព្វាវុធការពារជាតិ Saab របស់ស៊ុយអែត និងក្រុមហ៊ុន Williams International មានមូលដ្ឋាននៅអាមេរិក ។
បើតាមរ៉យទ័រដដែល, ការចង់បានមីស៊ីលជំនាន់ថ្មីនេះ គឺដោយសារតែអាល្លឺម៉ង់ចង់ពង្រីកការវាយប្រហារផ្លូវអាកាស និងពង្រឹងការការពារប្រឆាំងសត្រូវ ជាពិសេសជំរុញបច្ចេកវិទ្យារុករក និងចាប់គោលដៅសត្រូវឱ្យកាន់តែទំនើបជាងមុន ។
ក្រៅពីផលិត, អាល្លឺម៉ង់ក៏មានបំណងចំណាយលុយប្រហែល ២,៣០០ លានដុល្លារ ទិញមីស៊ីលរយៈចម្ងាយឆ្ងាយ Taurus NEO ដល់ទៅ ៦០០ គ្រាប់ផងដែរ ។
បច្ចុប្បន្ន កងកម្លាំងអាល្លឺម៉ង់មានមីស៊ីល Taurus ដែលអាចមានសមត្ថភាពបាញ់បានចម្ងាយជាង ៥០០ គីឡូម៉ែត្រមួយនេះ ចំនួន ៦០០ គ្រាប់ ហើយមីស៊ីលទាំងនេះនឹងត្រូវបំពាក់នៅក្នុងយន្តហោះចម្បាំងមួយចំនួន ដូចជាយន្តហោះចម្បាំង Tornado យន្តហោះចម្បាំង F-15 និងយន្តហោះចម្បាំង F-18 ជាដើម ៕
ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា
