សម្តេចធិបតី មានមោទនភាពដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមជាតិខ្មែរ
ភ្នំពេញ៖លើបណ្ដាញសង្គមផ្លូវការនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបង្ហោះសារដែលមានខ្លឹមសារថា”ខ្ញុំមានមោទនភាព ដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិយើងកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង។
សម្ដេចធិបតីបានគូសរំលេចបន្តថា ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ សាសនា ទាំងក្នុងនិងក្រៅប្រទេស បានបង្ហាញនូវស្មារតីសាមគ្គីជាតិជាធ្លុងមួយ នៅពីក្រោយវីរកងទ័ព វីរនគរបាលជាតិគ្រប់រូបដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហានការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។ សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលដ៏រឹងមាំ សម្រាប់គាំទ្រនិងផ្ដល់កម្លាំងចិត្តដល់វីរកងទ័ព វីរនគរបាលជាតិរបស់យើង បន្តបេសកកម្មការពារទឹកដី។
សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាក់នៅចុងបញ្ចប់សំណេរយ៉ាងដូច្នេះថា”រាជរដ្ឋាភិបាលស្ថិតនៅជាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាវីរកងទ័ព វីរនគរបាលជាតិរបស់យើងគ្រប់ពេលវេលា”៕
ដោយៈមុនី