លោក ត្រាំ ថា ISIS សម្លាប់កងទ័ពអាមេរិកនៅស៊ីរី, ប្តេជ្ញាសងសឹក

ដាម៉ាស ៖ លោក ត្រាំ បានអះអាងថា ទាហានអាមេរិកត្រូវបានពួក ISIS សម្លាប់ អំឡុងការវាយឆ្មក់មួយ នៅប្រទេសស៊ីរី ដោយលោកប្តេជ្ញាថានឹងសងសឹក។

បើតាមក្រុមមន្ត្រី, ទាហានអាមេរិក ពីរនាក់ និងអ្នកបកប្រែ ជាជនស៊ីវិលម្នាក់ ត្រូវបានសម្លាប់ នៅភាគកណ្តាលប្រទេសស៊ីរី កាលពីថ្ងៃសៅរ៍ បន្ទាប់ពីក្រុមរដ្ឋឥស្លាម បានបើកការបាញ់ប្រហារ លើសកម្មភាពល្បាតរួមគ្នា រវាងសហរដ្ឋអាមេរិក និង ស៊ីរី។

ភ្លាមៗ តាមរយៈវេទិកាសង្គម Truth Social, ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា «យើងកាន់ទុក្ខ ចំពោះការបាត់បង់អ្នកស្នេហាជាតិអាមេរិកដ៏អស្ចារ្យ បីនាក់ នៅក្នុងប្រទេសស៊ីរី»។ លោក បានប្រាប់អ្នកសារព័ត៌មានបន្ថែម នៅក្រៅសេតវិមានថា សហរដ្ឋអាមេរិក នឹងសងសឹក។

លោក បានហៅថា ជាការវាយប្រហាររបស់ ISIS ប្រឆាំងនឹងសហរដ្ឋអាមេរិក ហើយនឹងប្រទេសស៊ីរី ដោយចាត់ទុកថា ជារឿងដ៏គ្រោះថ្នាក់បំផុត។ លោកបន្ថែមថា ទាហានអាមេរិកបីនាក់ ផ្សេងទៀត រងរបួស។

ក្រុម IS ឬ ISIS ធ្លាប់បានដណ្តើម កាន់កាប់ទឹកដីស៊ីរី និងអ៊ីរ៉ាក់ នៅក្នុងឆ្នាំ២០១៤ ក្នុងអំឡុងពេលសង្រ្គាមស៊ីវិល របស់ប្រទេសស៊ីរី។ អ្នកប្រយុទ្ធរបស់ខ្លួន នៅតែរក្សាវត្តមាន ជាពិសេស ក្នុងតំបន់វាលខ្សាច់ដ៏ធំ របស់ប្រទេសស៊ីរី បើទោះបីជា ស៊ីរី អះអាងថា បញ្ចប់សង្គ្រាមស៊ីវិល ក៏ដោយ។

រីឯ កងកម្លាំងអាមេរិក ត្រូវបានដាក់ពង្រាយ នៅតំបន់ភាគឦសាន ដែលគ្រប់គ្រងដោយជនជាតិឃឺដ នៅប្រទេសស៊ីរី ក៏ដូចជា នៅតំបន់ ក្បែរព្រំដែនជាមួយប្រទេសហ្ស៊កដានី៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner