ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត និងលោកជំទាវ អញ្ជើញសួរសុខទុក្ខនិងជូនអំណោយដល់ជនភៀសសឹកនៅស្រុកស្រីស្នំ
សៀមរាប៖ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងកាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខនិងជូនអំណោយដោយផ្ទាល់ដល់ពលរដ្ឋភៀសសឹកកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពស្រុកស្រីស្នំ ខេត្តសៀមរាប។
នៅស្រុកស្រីស្នំ ខេត្តសៀមរាប គិតត្រឹមរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥មានមណ្ឌលសុវត្ថិភាពដែលរៀបចំដោយរដ្ឋបាលខេត្តសម្រាប់ទទួលបងប្អូនជនភៀសសឹកនៅតំបន់ព្រំដែនកម្ពុជា ថៃ គេចពីការយាយីដោយអាវុធរបស់ទាហានឈ្លានពានថៃ ចំនួន៦ ទីតាំង និងមានពលរដ្ឋភៀសសឹកចំនួន៥.៦៩០ គ្រួសារស្មើនឹងចំនួន១៩.១៧៣ នាក់។
ដោយឡែកពលរដ្ឋភៀសសឹកដែលទទួលអំណោយពីឯកឧត្តមរដ្ឋមន្រ្តីប្រៃសណីយ៍និងប្រតិភូនាពេលនេះមានចំនួន២.៧៥០ គ្រួសារ។អំណោយសរុបមាន អង្ករចំនួនជាង ៦៨ តោន, ត្រីខ ៥៥.០០០ កំប៉ុងនិងថវិកាចំនួន២៧៥ លានរៀល។ចំណែក កុមារៗ និងសិស្សានុសិស្សកូនចៅជនភៀសសឹកក៏ទទួលបានបន្ថែមនូវទឹកដោះគោ នំ របស់ក្មេងលេងនិងថវិកាមួយចំនួន។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្ដល់ថវិកា៤០ លានរៀលដល់រដ្ឋបាលស្រុកស្រីស្នំ សម្រាប់ដោះស្រាយតម្រូវការផ្ទាល់នៅទីតាំងស្នាក់នៅបណ្ដោះអាសន្នផងដែរ។
ក្នុងឱកាសសាកសួរសុខទុក្ខនិងផ្តល់អំណោយ ឯកឧត្តមរដ្ឋមន្ត្រី បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីជូនប្រជាពលរដ្ឋជនភៀសសឹក។ ឯកឧត្តមអំពាវនាវឱ្យបន្តរួមគ្នាជាកម្លាំងសាមគ្គីជាតិដ៏រឹងមាំ។ជាកម្លាំងជួរក្រោយគាំទ្រវីរកងទ័ព វីរនគរបាល ដ៏អង់អាចក្លាហាន និងជឿជាក់លើរាជរដ្ឋាភិបាល ដែលមិនបោះបង់ប្រជាពលរដ្ឋណាមួយនោះទេ។
ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត រដ្ឋបាលស្រុកក៏ដូចជា កម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការជម្លៀសប្រជាពលរដ្ឋ ដែលរងគ្រោះក្នុងការឈ្លានពានពីប្រទេសថៃ មក កន្លែងមានសុវត្ថិភាព ព្រមទាំងបានរៀបចំកន្លែងស្នាក់នៅ ផ្គត់ផ្គង់អាហារ សម្ភារៈប្រើប្រាស់ និងថែរក្សាអនាម័យជូនប្រជាពលរដ្ឋ៕
ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា












