សម្តេចតេជោ៖ យើងមិនបានហាមឃាត់ការធ្វើដំណើរ​របស់​ប្រជាជនកម្ពុជា ឬប្រជាជនថៃនោះឡើយ, អ្វីដែលយើងសូមឱ្យផ្អាក គឺការធ្វើដំណើរតាមផ្លូវគោកដែលជាចំណុចគ្រោះថ្នាក់ដល់ជីវិតប្រជាជន, សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសនៅតែអាចធ្វើដំណើរបានធម្មតា

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះថា ម្សិលមិញខ្ញុំបានបង្ហោះសារមួយជូនយោបល់ចំពោះរាជរដ្ឋាភិបាលចំពោះករណីប្រជាជនកម្ពុជា និងប្រជាជនថៃធ្វើដំណើរឆ្លងកាត់តាមព្រំដែនគោក គួរត្រូវបានផ្អាកដើម្បីធានាសុវត្ថិភាពទាំងប្រជាជនកម្ពុជា និងទាំងប្រជាជនថៃ។

សម្តេចតេជោ បានបន្តថា អាចមានការភាន់ច្រឡំ ឬចង់បង្ករឿងពីភាគីម្ខាងទៀតដែលគិតថាយើងមិនអនុញ្ញាតឱ្យប្រជាជនថៃវិលត្រឡប់ទៅប្រទេសវិញ។ ខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់ថា ការផ្អាកការធ្វើដំណើរ គឺគួរធ្វើតែតាមផ្លូវគោកប៉ុណ្ណោះ ព្រោះការប្រយុទ្ធ និងការឈ្លានពានមានទូទាំងព្រំដែនគោកទៅហើយ បន្ថែមដោយផ្នែកមួយនៃតំបន់សមុទ្រ។

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសនៅតែអាចធ្វើដំណើរបានធម្មតា ព្រោះគ្មានការប្រយុទ្ធនៅព្រលានយន្តហោះទេ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាជនថៃដែលកំពុងរស់នៅកម្ពុជាអាចចាកចេញពីកម្ពុជាតាមផ្លូវអាកាសនៅភ្នំពេញឬនៅសៀមរាប។ សម្រាប់ប្រជាជនថៃដែលកំពុងធ្វើការនៅជិតព្រំដែនវៀតណាមអាចចេញទៅតាមវៀតណាមហើយរកវិធីធ្វើដំណើរទៅកាន់ប្រទេសថៃវិញ។ ឯប្រជាជនកម្ពុជា ប្រសិនចង់មកកម្ពុជាក៏ត្រូវធ្វើដំណើរត្រឡប់មកកម្ពុជាវិញតាមផ្លូវអាកាសនៅទីកន្លែងដែលមានជើងហោះហើរមកកម្ពុជា។

សម្តេចតេជោបញ្ជាក់ថា ខ្ញុំសូមបញ្ជាក់សារជាថ្មីថា យើងមិនបានហាមឃាត់ការធ្វើដំណើររបស់ប្រជាជនកម្ពុជាឬប្រជាជនថៃនោះឡើយ អ្វីដែលយើងសូមឱ្យផ្អាកគឺការធ្វើដំណើរតាមផ្លូវគោកដែលជាចំណុចគ្រោះថ្នាក់ដល់ជីវិតប្រជាជន។ សូមពិនិត្យឡើងនូវសាររបស់ខ្ញុំម្សិលមិញ!និងសូមកុំយកបំណងល្អរបស់ខ្ញុំដើម្បីការពារជីវិតមនុស្សទាំងជនជាតិខ្មែរ ទាំងជនជាតិថៃមកវាយប្រហារលើខ្ញុំបែបនេះ៕
ដោយ៖ពលជ័យ

ads banner