អ៊ីស្រាអែល ថា អូស្ត្រាលី ដុតបញ្ឆេះភ្លើងប្រឆាំងពួកយូដា ក្រោយការបាញ់ប្រហារ នៅស៊ីដនី

ស៊ីដនី ៖ លោក ណេតាន់យ៉ាហ៊ូ មេដឹកនាំអ៊ីស្រាអែល បាននិយាយថា គោលនយោបាយអូស្ត្រាលី បានដុតបញ្ឆេះភ្លើងប្រឆាំងពួកយូដា បន្ទាប់ពីការបាញ់ប្រហារ នៅទីក្រុងស៊ីដនី សម្លាប់មនុស្ស ១៦នាក់ និង របួសជាច្រើននាក់។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចោទប្រកាន់គោលនយោបាយ របស់រដ្ឋាភិបាលអូស្ត្រាលីថា លើកទឹកចិត្តឱ្យស្អប់ជនជាតិយូដា បន្ទាប់ពីខ្មាន់កាំភ្លើងពីរនាក់ បានបើកការបាញ់ប្រហារ អំឡុងពេលការជួបជុំគ្នា សម្រាប់ពិធីបុណ្យជនជាតិជ្វីហ្វ Hanukkah នៅឆ្នេរ Bondi ស្ថិតក្នុងប្រទេសអូស្ត្រាលី កាលពីថ្ងៃអាទិត្យ។

ប៉ូលិស និយាយថា ព្រឹត្តិការណ៍នេះ មានមនុស្សចូលរួមប្រារព្ធ ជាង១០០០នាក់។

ក្រៅពី លោក ណេតាន់យ៉ាហ៊ូ , ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog ក៏បានប្រកាសថ្កោលទោស ការបាញ់ប្រហារនេះ ដោយចាត់ទុកថា ជា “ការវាយប្រហារដ៏ឃោរឃៅ លើជនជាតិយូដា” ហើយបានជំរុញឱ្យអាជ្ញាធរអូស្ត្រាលី បង្កើនការប្រយុទ្ធប្រឆាំង នឹងពួកក្រុមជ្រុលនិយម។

លោក នាយករដ្ឋមន្ត្រី Anthony Albanese បានពិពណ៌នា ការវាយប្រហារនេះថា ជា «ទង្វើនៃការប្រឆាំងសាសនាដ៏អាក្រក់ និង ជាអំពើភេរវកម្ម ដែលបានវាយប្រហារបេះដូង នៃប្រទេសរបស់យើង»។

ប៉ូលិសបាននិយាយថា អ្នកបាញ់ប្រហារ ម្នាក់ ត្រូវបានសម្លាប់ ហើយ អ្នកទីពីរ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ប៉ូលីសបានប្រកាសចាត៉ទុក ការបាញ់ប្រហារនេះថា ជា “ឧប្បត្តិហេតុ ភេរវករ” ដោយបន្ថែមថា ពួកគេបានរកឃើញ “ឧបករណ៍បំផ្ទុះ នៅក្នុងរថយន្ត នៅជិតឆ្នេរ ដែលមានទំនាក់ទំនងជាមួយ “ជនល្មើស”។

ឆ្នេរ Bondi គឺជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ច្រើនមួយ ប្រចាំទីក្រុងធំបំផុត របស់ប្រទេសអូស្ត្រាលី មួយនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner