អ៊ុយក្រែន ថានឹងលះបង់មហិច្ឆតាចូលណាតូ ជាថ្នូរនឹងសន្តិភាព
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថា ទីក្រុងកៀវត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបោះបង់មហិច្ឆតាជាយូរយាមកនេះ ក្នុងការចូលជាសមាជិកអង្គការណាតូ ជាថ្នូរនឹងការធានាសន្តិសុខរបស់លោកខាងលិច ឬសន្តិភាព ។
ការអះអាងបែបនេះរបស់លោក ហ្សេលេនស្គី ធ្វើឡើងនៅពេលលោកបើកកិច្ចប្រជុំជាមួយបេសកជនពិសេសអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបនៅទីក្រុងប៊ែរឡាំង កាលពីចុងសប្តាហ៍មុន ចំពេលមានសម្ពាធពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីអាចឈានដល់ដំណោះស្រាយមួយ ឆ្ពោះទៅពន្លត់ភ្លើងសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ។
បើតាមលោកប្រធានាធិបតី ហ្សេលេនស្គី, រូបលោកកំពុងស្វែងរកសន្តិភាពប្រកបដោយភាពថ្លៃថ្នូរ និងការធានាដ៏រឹងមាំថា រុស្ស៊ីនឹងមិនវាយប្រហារប្រឆាំងអ៊ុយក្រែនម្តងទៀតជាដាច់ខាត ។
គិតមកទល់ពេលនេះ មន្រ្តីជើងខ្លាំងការទូតជាច្រើនបានប្រមូលផ្តុំគ្នា ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលអាចក្លាយជាជម្លោះដ៏សាហាវបំផុតក្នុងតំបន់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី ២ ៕
ប្រភព ៖ aljazeera ប្រែសម្រួល ៖ ឈឹម ទីណា


