ឯកឧត្តម ខៀវ កាញារីទ្ធ៖ សៀមវាយកាន់តែជ្រៅចូលក្នុងទឹកដីកម្ពុជា មិនមែនរឿងពង្វាតទឹកដីនោះទេ
ភ្នំពេញ៖លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានបង្ហោះសំណេរបែបវិភាគទាក់ទងនឹងសកម្មភាពឈ្លានពានរបស់យោធាថៃ។ សំណេរនេះស្របពេលដែលនៅព្រឹកថ្ងៃទី១៥ ខែធ្នូនេះយោធាថៃបានប្រើប្រាស់យន្តហោះ F-16 ទម្លាក់មួយគ្រាប់ នៅភូមិសាស្ត្រស្ពានអូរជីក នៃព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប។
ឯកឧត្តម ខៀវ កាញារីទ្ធបានសរសេរយ៉ាងដូច្នេះថា ទាហានសៀមវាយកាន់តែជ្រៅចូលក្នុងទឹកដីកម្ពុជាមិនមែនរឿងពង្វាតទឹកដីនោះទេ។ បើពង្វាតទឹកដី សៀមច្បាស់ជាប្រមូលផ្តុំកម្លាំងវាយផ្តាច់ចំណុចទាមទារមួយចំនួនហើយ ព្រោះពេលសៀមវាយគ្រប់កន្លែងគឺចង់ឱ្យខ្សែការពារកម្ពុជាស្តើង ( ពិតមែនតែសៀមមិនច្បាស់ថាក្បាលពួកគេទ្រគ្រាប់ផ្លោងរបស់កម្ពុជាបានប៉ុន្មានពេលក៏ដោយ ) តែពេលនេះជិតបោះឆ្នោត មានន័យថា ទឹកដល់ច្រមុះទោះស្រវាអោបគម្រង់ខ្មោចឆ្កែក៏អោបដែរ ហេតុនេះយុទ្ធសាស្ត្រចំពោះមុខរបស់គេអាចមាន ៣ ហើយបើជោគជ័យអាចក្លាយជាយុទ្ធសាស្ត្រយូរអង្វែងបាន ។ យុទ្ធសាស្ត្រទាំងនោះ គឺ ៖
១. លើកទំនុកចិត្តប្រជាជនសៀមឡើងវិញឱ្យជឿថា សៀមនៅតែជាបងធំក្នុងតំបន់ ហេតុនេះមិនត្រូវអ្នកណាមកច្បូតពុកមាត់ខ្លាបានទេ ពិសេសកម្ពុជាដែលជាប្រទេសតូចតាច ធ្លាប់រហេមរហាមពីមុន ( នៅក្រោយសម័យអ៊ុនតាក់ ពួកកាសែតបរទេសតែងហៅទីក្រុងភ្នំពេញថាជាបាងកកកាលពី ៣០ ឆ្នាំមុន ) ។ ប្រជាជនសៀមកើនទំនុកចិត្តបានន័យថា សន្លឹកឆ្នោតគាំទ្រសឹងកើនឡើង ។
២. សង្កត់សេដ្ឋកិច្ចកម្ពុជាឱ្យធ្លាក់ចុះ អាស្រ័យការបង្ខំឱ្យមានប្រជាជនភៀសសឹករាប់សែននាក់ ( មកដល់ពេលនេះជិតកន្លះលាននាក់ហើយ ) ដែលនឹងក្លាយជាដុំថ្មមួយដែលរាជរដ្ឋាភិបាលត្រូវទទួល ( បើគិតថា ក្នុងមួយថ្ងៃរដ្ឋាភិបាលចំណាយ ៥ ដុល្លាររ៉ាប់រងម្ហូបអាហារ ទឹក ជំរក ថ្នាំពេទ្យ….តើត្រូវចំណាយប៉ុន្មាន ?) ហើយនេះគឺជាសង្គ្រាមមួយដែលសៀមមិនចាំបាច់ចំណាយធំ ។ តែអ្វីដែលសៀមគិតមិនដល់ គឺចលនាប្រជាជនកម្ពុជាទូទាំងប្រទេសដែលបាននាំគ្នាជួយបងប្អូនអ្នកភៀសខ្លួនដែលជួយបន្ថយបន្ទុករាជរដ្ឋាភិបាលមួយចំណែកធំ ។ អ្វីដែលកាន់តែពិសេស គឺចលនាប្រើផលិតផលខ្មែរជួយខ្មែរ ធ្វើឱ្យខ្សែផលិតកម្មក្នុងស្រុក និង ការចំណាយក្នុងស្រុក ( Domestic spending ) កើនឡើងទៅវិញ ។
៣. អ្វីដែលជាយុទ្ធសាស្ត្រកំណត់របស់សៀម គឺការវាយលុកកាន់តែជ្រៅចូលក្នុងដីកម្ពុជានឹងធ្វើឱ្យពាក្យស្លោក «យើងជឿជាក់រាជរដ្ឋាភិបាល និង វីរកងទ័ពយើង» នឹងរបេះបន្តិចម្តងៗរហូតរាជរដ្ឋាភិបាលបច្ចុប្បន្នជួបវិបត្តិ ។
សៀមលើកនេះចាក់ធំ តែបើចាញ់ក៏ច្បាស់ជាចាញ់ធំដែរ ! តែយើងក៏ប្រយ័ត្នស្នៀតជន្លស្តាំវាយឆ្វេង បើយើងប្រហែសគាត់បែរទៅសង្គ្រប់ទីតាំងមួយចំនួនហើយនៅក្រាញក្នុងឧម្មង្គទប់យើងដែលជាអ្នកឡើងវាយម្តង ៕
ដោយ៖ឯកឧត្តម ខៀវ កាញារីទ្ធ