សប្បុរសជនចូលរួមដំឡើងឧបករណ៍ចម្រោះទឹកស្អាត ជូនដល់តំបន់ជនភៀស

ឧត្តរមានជ័យ៖ ដោយមើលឃើញពីការលំបាករបស់ពលរដ្ឋខ្មែរ​ភៀសសឹក មករស់​នៅមណ្ឌលសុវត្ថិភាពក្នុងខេត្តឧត្តរមានជ័យ ខណៈរដូវប្រាំងបានចាប់ផ្តើមផងនោះ បញ្ហាទឹកស្អាតប្រើប្រាស់ គឺជាបញ្ហាសំខាន់​ ។ហេតុនេះហើយ​សប្បុរសជនមួយ​ក្រុមទៅ​ពីរាជ​ធានី​ភ្នំពេញបានស្រុះស្រួលគ្នាជួយដំឡើងឧបករណ៍ចម្រោះទឹកស្អាតជូនពលរដ្ឋខ្មែរភៀសសឹកប្រើប្រាស់។

ក្រុមសប្បុរសជនទៅពីរាជធានីដែលបានចុះទៅផ្តល់អំណោយជាបន្តបន្ទាប់ជូនជនភៀសសឹកដ៏គួរឱ្យអាណិត​កំពុង​ស្នាក់​នៅមណ្ឌលសុវត្ថិភាពក្នុងខេត្តឧត្តរមានជ័យ បានសម្រេចផ្តល់ការឧបត្ថម្ភការដំឡើងឧបករណ៍ចម្រោះទឹកស្អាត ដែលមាន​សមត្ថភាព​ច្រោះទឹកស្អាតបាន១៩.០០០លីត្រក្នុងមួយថ្ងៃ ។ការជួយឧបតម្ភនេះបន្ថែមលើការរៃអង្គាសរបស់ក្រុមសប្បុ​រស​ជនដោយ​បាន​ផ្តល់អង្ករ១០ តោន ប្រេងកូឡា ទឹកសុទ្ធ និងសម្ភារៈប្រើប្រាស់ជូនដល់ជនភៀសសឹកនៅខេត្តឧត្តរមានជ័យ និង​មួយ​ផ្នែកនៅ​ខេត្តបន្ទាយមានជ័យរួចមកហើយ។

ប្រាប់ទូរទស្សន៍អប្សរាក្នុងសប្ដាហ៍នេះ តំណាងសប្បុរសជនបានបញ្ជាក់ថា ក្រុមរបស់លោកបានជួយឧបត្ថម្ភ​ជូនដល់ជនភៀស​សឹក និងវីរកងទ័ពជួរមុខនេះជាហូរហែ​គឺចាប់តាំងពីការឈ្លានពានពីទាហាន​ថៃមកលើដែនអធិបតេយ្យ​កម្ពុជា​លើកទី១កាល​ពីថ្ងៃទី២៤ ខែកក្កដា កន្លងទៅ ។លើកនេះទៀតក្រុមរបស់លោកបានបន្តជួយចែករំលែកការលំបាក និងចូលរួម
ជាមួយរាជរដ្ឋា​ភិបាល ជួយដល់ជនភៀសសឹក និងវីរកងទ័ពជួរមុខដោយស្មារតីសាមគ្គីខ្មែរតែមួយ។

លោក គង់ កាន្នារិទ្ធ អភិបាលរងខេត្តឧត្តរមានជ័យឱ្យដឹងថា ប្រជាពលរដ្ឋបានធ្វើការប្តូរទីកន្លែងភៀសសឹកជាបន្ត​បន្ទាប់​ដោយ​សារការបាញ់ផ្លោងពីយោធាថៃពាសវាលពាសកាលមិនប្រកាន់ថាជាទីតាំងយោធា ឬស៊ីវិល។រដ្ឋបាលខេត្តបាន​បន្តជម្លៀស​ប្រជាពលរដ្ឋបន្តមកស្រុកចុងកាល់។ គិតត្រឹមល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ខេត្តឧត្តរមានជ័យមានមណ្ឌលសុវត្ថិភាព​សម្រាប់ជនភៀសសឹកមានចំនួន៦ទីតាំងធំៗ និងមានជនភៀសសឹកចំនួន ១២.៩៦៧ គ្រួសារស្មើនឹង ៤៣.៦៧៦ នាក់។

ក្នុងនាមរដ្ឋបាលខេត្ត លោកបានបន្តអំពាវនាវទៅដល់សប្បុរសជន ប្រជាពលរដ្ឋទាំងអស់ មេត្តាបន្តចូលរួមបរិច្ចាគ ជំនួយដល់​បងប្អូនជនភៀសសឹកទៅតាមលទ្ធភាព ដោយសារជនភៀសសឹកមិនបានយកអ្វីមកជាមួយបានទាន់វេលានោះទេ ។

គួរបញ្ជាក់ដែរថា ដើម្បីធានាដល់ការប្រើប្រាស់ទឹក ការបំពុលខ្យល់ ដល់បងប្អូនជនភៀសសឹកដោយមិនប៉ះពាល់ដល់សុខភាព នៅគ្រាដ៏លំបាកនេះ ក្រសួងបរិស្ថានបានសហការជាមួយអាជ្ញាធរមូលដ្ឋាននៅតាមមណ្ឌលសុវត្ថិភាព ធ្វើតេស្តគុណភាពខ្យល់ ការត្រួតពិនិត្យគុណភាពទឹកស្រះដែលប្រជាជនភៀសសឹកប្រើប្រាស់ជាប្រចាំផងដែរ៕

អត្ថបទ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner