អូស្រ្តាលី ពិនិត្យច្បាប់កាន់អាវុធឡើងវិញ ក្រោយមានករណីបាញ់សម្លាប់រង្គាល

កង់បេរ៉ា ៖ ចាប់ពីពេលនេះតទៅ មានតែពលរដ្ឋសញ្ជាតិអូស្រ្តាលីប៉ុណ្ណោះ ទើបអាចមានសិទ្ធិទទួលបានអាជ្ញាប័ណ្ណកាន់កាប់អាវុធបាន នេះបើតាមយោងច្បាប់គ្រប់គ្រងអាវុធដ៏រឹងតឹង ដែលកំពុងលើកមកពិចារណា ដើម្បីអនុម័តដោយរដ្ឋ និងដែនដីនានារបស់ប្រទេសអូស្រ្តាលី ក្រោយមានករណីបាញ់សម្លាប់មនុស្សកើនឡើងដល់ ១៦នាក់ និងមិនធ្លាប់មានចាប់តាំងពីឆ្នាំ ១៩៩៦ ។

ឆ្លើយតបសោកនាដកម្មនេះ លោកនាយករដ្ឋមន្ត្រីអូស្រ្តាលី Anthony Albanese បានកោះប្រជុំគណៈរដ្ឋមន្ត្រីរបស់គាត់ជាបន្ទាន់ នៅរសៀលថ្ងៃចន្ទនេះ ដោយលោកនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីបានឯកភាពគ្នា ក្នុងការជំរុញពិនិត្យឡើងវិញនូវច្បាប់កាន់កាប់អាវុធរបស់ប្រទេស ។

បើតាម abc news, ការពន្លឿនការចុះបញ្ជីអាវុធជាតិ ការកំណត់ចំនួនកាំភ្លើងដែលមនុស្សម្នាក់អាចមាន និងការកំណត់អំពីប្រភេទអាវុធស្របច្បាប់ គឺជាជម្រើសដែលកំពុងត្រូវបានលើកមកពិចារណា ។

ផ្អែកតាមលោកនាយករដ្ឋមន្ត្រី Anthony, រដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការចាំបាច់ មុនពេលយកសំណើច្បាប់កាន់កាប់អាវុធដ៏តឹងរ៉ឹង ដាក់ទៅកាន់គណៈរដ្ឋមន្ត្រីជាតិដើម្បីអនុម័ត ។

គិតមកទល់ពេលនេះ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៦នាក់ ក្នុងនោះមានកុមារីអាយុ ១០ឆ្នាំម្នាក់ បន្ទាប់ពីខ្មាន់កាំភ្លើងពីរនាក់ ដែលជាឪពុក និងកូនប្រុស បានបើកការបាញ់ប្រហារទៅលើសមាជិកសហគមន៍ជ្វីហ្វរបស់ប្រទេសអូស្ត្រាលី ដែលកំពុងប្រមូលផ្តុំគ្នានៅឆ្នេរ Bondi នៃទីក្រុងស៊ីដនី ។

ខ្មាន់កាំភ្លើងម្នាក់ក្នុងចំណោមពីរនាក់ គឺលោក Sajid Akram ក៏ត្រូវបានសម្លាប់ផងដែរ ខណៈដែលកូនប្រុសរបស់គាត់ឈ្មោះ Naveed Akram កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ក្រោមការយាមកាមរបស់ប៉ូលីស។

ការវាយប្រហារកាលពីថ្ងៃអាទិត្យម្សិលមិញនេះ គឺជាការវាយប្រហារដ៏អាក្រក់បំផុតចាប់តាំងពីឆ្នាំ ១៩៩៦ ដែលនៅឆ្នាំនោះ ខ្មាន់កាំភ្លើងម្នាក់បានសម្លាប់មនុស្សចំនួន ៣៥នាក់នៅតំបន់ទេសចរណ៍ Port Arthur ក្នុងរដ្ឋកោះ Tasmania ភាគខាងត្បូង ៕

ប្រភព ៖ ABC NEWS ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner