អតីតមេដឹកនាំកូរ៉េខាងត្បូងប៉ុនប៉ងបញ្ឆេះសង្គ្រាមជាមួយកូរ៉េខាងជើង តែបរាជ័យ
សេអ៊ូល ៖ ភ្លើងសង្គ្រាមនៅលើឧបទ្វីកូរ៉េហៀបនឹងផ្ទុះឡើង ដោយសារតែថ្វីដៃរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ដែលបានព្យាយាមដុតបញ្ឆេះជម្លោះជាមួយកូរ៉េខាងជើង ដើម្បីបង្ហាញពីភាពត្រឹមត្រូវជុំវិញការប្រកាសប្រើច្បាប់អាជ្ញាសឹកកាលពីខែធ្នូ ឆ្នាំ២០២៤ និងការកម្ចាត់គូប្រជែងនយោបាយរបស់លោក ។ នេះបើតាមការចោទប្រកាន់របស់រដ្ឋអាជ្ញាពិសេសកូរ៉េខាងត្បូង ។
រដ្ឋអាជ្ញាពិសេសកូរ៉េខាងត្បូង លោក Cho Eun-seok និយាយថា ក្រុមការងាររបស់លោកបានចោទប្រកាន់មនុស្សចំនួន ២៤នាក់ ក្នុងនោះរួមមានលោក Yoon និងមន្ត្រីចំនួន ៥រូបនៃអតីតគណៈរដ្ឋមន្ត្រីរបស់លោក ពីបទជាប់ពាក់ព័ន្ធ អំឡុងពេលនៃការស៊ើបអង្កេតរយៈពេល ៦ខែ ជុំវិញការចោទប្រកាន់ពីបទបះបោរ ។

បើតាមការលើកឡើងរបស់លោករដ្ឋអាជ្ញា Cho, ក្រុមការងាររបស់គាត់បានបញ្ជាក់ពីគម្រោងធំមួយ ដែលត្រូវបានចោទប្រកាន់ថា លោកអតីតប្រធានាធិបតី Yoon ជាមេក្លោង បង្កើតលេសឱ្យសមស្របតាមការប្រកាសច្បាប់អាជ្ញាសឹក ដោយពួកគេបានព្យាយាមជំរុញឱ្យកូរ៉េខាងជើងបង្កការឈ្លានពានដោយអាវុធ ប៉ុន្តែត្រូវបរាជ័យ ខណៈទីក្រុងព្យុងយ៉ាងមិនបានឆ្លើយតបផ្នែកយោធាណាមួយឡើយ ។
យោងតាម The Straits Times, បច្ចុប្បន្ន លោក Yoon កំពុងជាប់ទោសពីបទបះបោរ ដែលបទចោទនេះ អាចត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ឬអាចមានទោសប្រហារជីវិត ។ រីឯអតីតរដ្ឋមន្ត្រី និងមន្ត្រីផ្សេងទៀតរបស់គាត់ ក៏ប្រឈមមុខនឹងការចោទប្រកាន់ផ្សេងៗ ដែលកើតចេញពីការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹក តែត្រូវបរាជ័យផងដែរ ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា
