ទីក្រុងញូវដែលីឥណ្ឌាគ្របដណ្តប់ដោយខ្យល់ពុល ប៉ះពាល់ដល់ផ្លូវដង្ហើមប្រជាជន និងជើងហោះហើរ
ញូវដែលី ៖ ទីក្រុងញូវដែលី ដែលមានចំនួនប្រជាជនរស់នៅច្រើនជាង ៣៤លានាក់ ត្រូវបានគ្របដណ្តប់ដោយខ្យល់ពុល និងផ្សែងអ័ព្ទយ៉ាងក្រាស់ កាលពីថ្ងៃចន្ទ ធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះដល់កម្រិតគ្រោះថ្នាក់ដល់សុខភាព និងប៉ះពាល់ដល់ប្រតិបត្តិការជើងហោះហើរនៅឯព្រលានយន្តហោះអន្តរជាតិ Indira Gandhi ។ នេះបើតាម The straits times ។
សន្ទស្សន៍គុណភាពខ្យល់ ហៅកាត់ AQI នៃទីក្រុងញូវដែលី បានកើនឡើងដល់កម្រិត ៤៥៧ នៅម៉ោង ៦ព្រឹកថ្ងៃចន្ទ។ នេះបើយោងតាមទិន្នន័យពីប្រព័ន្ធព្រមានជាមុន អំពីគុណភាពខ្យល់នៃទីក្រុងញូវដែលី ។ គុណភាពខ្យល់កម្រិតក្រោម ១០១ ត្រូវបានចាត់ទុកថា អាចទទួលយកបាន ហើយបើគុណភាពខ្យល់កម្រិតលើសពី ៣០០ ត្រូវបានចាត់ថ្នាក់ថា មានគ្រោះថ្នាក់ខ្លាំង ។
ឆ្លើយតបបញ្ហានេះ អាជ្ញាធរជំរុញឱ្យកុមារ មនុស្សចាស់ និងអ្នកដែលមានជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ឬជំងឺសរសៃឈាមបេះដូង គួរតែជៀសវាងការធ្វើដំណើរចេញក្រៅផ្ទះ និងស្នាក់នៅក្នុងផ្ទះឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។
យោងតាម China Daily, មូលហេតុដែលទីក្រុងញូវដែលី និងជាយក្រុងជុំវិញនោះ ជាប់ចំណាត់ថ្នាក់ជាកន្លែងបំពុលខ្លាំងបំផុតរបស់ពិភពលោក គឺដោយសារតែការដុតដំណាំ ដុតផាវ ឬក្រាំជ្រូច ការប្រើប្រាស់ឡានចាស់ៗចាក់សាំង និងប្រេងម៉ាស៊ូត ការបំពុលចេញពីរោងចក្រឧស្សាហកម្ម និងធូលីដែលហុយពីសំណង់អគារពីមួយឆ្នាំទៅមួយឆ្នាំ ៕
ប្រភព ៖ The straits times និង China Daily ប្រែសម្រួល ៖ ឈឹម ទីណា


