រុស្ស៊ី ផ្តល់បច្ចេកវិទ្យានុយក្លេអ៊ែរទំនើបបំផុតដល់ វៀតណាម
ហាណូយ ៖ ប្រទេសរុស្ស៊ីបានអះអាងពីការផ្តល់បច្ចេកវិទ្យានុយក្លេអ៊ែរទំនើបបំផុត នៅលើពិភពលោក ដល់ប្រទេសវៀតណាម ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express កាលពីថ្ងៃអាទិត្យ។
លោក Alexey Likhachev នាយកប្រតិបត្តិ ក្រុមហ៊ុននុយក្លេអ៊ែររដ្ឋរុស្ស៊ី Rosatom បានទូរស័ព្ទប្រាប់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ថា គោលបំណងនៃការផ្តល់បច្ចេកវិទ្យានេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបំពេញកិច្ចព្រមព្រៀងកម្រិតខ្ពស់ រវាងប្រទេសទាំងពីរ ។
លោកថា ក្រុមហ៊ុន Rosatom ចង់បញ្ជូនក្រុមការងារ ទៅវៀតណាម ដើម្បីពិភាក្សាអំពីការផ្ទេរ និងការអភិវឌ្ឍ បច្ចេកវិទ្យានុយក្លេអ៊ែរ ទាំងនេះ ។
ឆ្លើយតបនឹងបញ្ហានេះ លោក Pham Minh Chinh ក៏បានស្នើឲ្យក្រុមហ៊ុន Rosatom បណ្តុះបណ្តាលធនធានមនុស្សវៀតណាម និងជួយពង្រឹងការគ្រប់គ្រងឧស្សាហកម្ម និង កម្មវិធីថាមពលនុយក្លេអ៊ែរសំខាន់ៗផ្សេងទៀត ដូចជា ឱសថនុយក្លេអ៊ែរ និងវិទ្យុសកម្មផងដែរ ។
លោកថា វៀតណាមតែងតែវាយតម្លៃខ្ពស់ ចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយរុស្ស៊ី ហើយចាត់ទុកប្រទេសនេះថា ជាដៃគូអាទិភាពកំពូល របស់ខ្លួន ។
បើតាម VN Express ដដែល, វៀតណាម និងរុស្ស៊ី កំពុងចរចា ជំរុញការកសាងរោងចក្រចក្រនុយក្លេអ៊ែរ Ninh Thuan 1 ដើម្បីធ្វើពិពិធកម្មប្រភពថាមពល ។ រោងចក្រនេះ គ្រោងនឹងសាងសង់ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ។
វៀតណាម ក៏គ្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ១ ផ្សេងទៀត នៅខេត្ត Khanh Hoa ភាគកណ្តាល ផងដែរ ៕
ប្រភពពី VNexpress ប្រែសម្រួល ៖ សារ៉ាត