លោក Zelensky ថា លុយបង្កករុស្ស៊ី ត្រូវយកប្រើទុកការពារអ៊ុយក្រែន
ប៊ែរឡាំង ៖ លោក Zelensky បាននិយាយថា ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលរឹបអូសបាន ត្រូវតែប្រើប្រាស់ពេញលេញ សម្រាប់ការការពារប្រទេសអ៊ុយក្រែន។
លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃច័ន្ទ បានអំពាវនាវឱ្យ យកទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី មកប្រើប្រាស់ “សម្រាប់ការពារប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី” ខណៈដែលសហភាពអឺរ៉ុប បានព្យាយាមយល់ព្រមលើផែនការ ប្រើប្រាស់ទ្រព្យសម្បត្តិទាំងនេះ ដើម្បីជួយទីក្រុង Kyiv ។
ថ្លែងប្រាប់វេទិកាធុរកិច្ចមួយ ពេលកំពុងបំពេញទស្សនកិច្ច ទៅកាន់ទីក្រុងប៊ែរឡាំង លោក Zelensky បាននិយាយថា «មូលនិធិទាំងនេះ ត្រូវតែដំណើរការ យ៉ាងពិតប្រាកដ និងពេញលេញ សម្រាប់ការការពារប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ វាយុត្តិធម៌, វាសមហេតុផល ហើយ វាត្រូវតែអាចសម្រេចបាន»។
ថ្លែងជាមួយលោក Zelensky នាពេលនោះដែរ, អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយថា ការបញ្ចប់ផែនការនេះគឺជា “បញ្ហាសំខាន់” ដែលត្រូវដោះស្រាយភ្លាមៗ។
លោក Merz បាននិយាយថា «ប្រសិនបើយើងមិនជោគជ័យ ក្នុងរឿងនេះទេ នោះសមត្ថភាពរបស់សហភាពអឺរ៉ុប ក្នុងសកម្មភាពនេះ នឹងត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរ ជាច្រើនឆ្នាំ ហើយ មិនយូរទៀតទេ យើងនឹងបង្ហាញពិភពលោកថា យើងគ្មានសមត្ថភាពឈរជាមួយគ្នា និងធ្វើសកម្មភាពក្នុងគ្រាដ៏សំខាន់បែបនេះ ក្នុងប្រវត្តិសាស្ត្ររបស់យើង»។
ខណៈដែល EU ស្វែងរកការជួយរក្សាស្ថិតស្ថេរឲ្យអ៊ុយក្រែន ប្លុកនេះបានដាក់ចេញនូវផែនការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កក ដើម្បីទាញយក ៩០ពាន់លានអឺរ៉ូ ឬ ១០៥ពាន់លានដុល្លារ ក្នុងរយៈពេលពីរឆ្នាំ ខាងមុខ។
បើទោះបីជា មានការគាំទ្រយ៉ាងខ្លាំងពីរដ្ឋសមាជិកជាច្រើន រួមទាំង ប្រទេសអាល្លឺម៉ង់ដែលមានទម្ងន់ធ្ងន់ ក៏ដោយ ផែនការនេះ បានទាក់ទាញការប្រឆាំងយ៉ាងខ្លាំងក្លា ពីប្រទេសបែលហ្ស៊ិក មកទល់ពេលនេះ។ ប្រទេសសមាជិកអឺរ៉ុបមួយនេះ គឺជាទីស្នាក់ការ របស់អង្គការប្រាក់បញ្ញើអន្តរជាតិ Euroclear ដែលកាន់កាប់ទ្រព្យសម្បត្តិ ភាគច្រើន របស់រុស្ស៊ី៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
