លោក Trump ថានឹងដាក់ពាក្យបណ្តឹងប្រឆាំងនឹង BBC នៅថ្ងៃនេះ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងដាក់ពាក្យបណ្តឹង ប្រឆាំងនឹងសារព័ត៌មាន BBC នៅថ្ងៃអង្គារនេះ ជុំវិញការកែសុន្ទរកថា របស់លោក។
លោក Trump បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃចន្ទ ថា «យើងនឹងដាក់ពាក្យបណ្តឹង ប្រហែលជា នៅរសៀលនេះ ឬ ព្រឹកថ្ងៃស្អែក»។ ជាការកំណត់កាលបរិច្ឆេតប្តឹង នៅរយៈពេលជាងមួយខែ បន្ទាប់ពីការគំរាមកំហែង ជាលើកដំបូង នូវបណ្តឹងបរិហារកេរ្តិ៍ ប្រឆាំងនឹងទូរទស្សន៍អង់គ្លេស មួយនេះ។
លោក ត្រាំ បាននិយាយ ដោយចោទប្រកាន់ BBC ថា បានប្រើ «AI ឬ អ្វីមួយ» ដើម្បីប្រឌិតពាក្យរបស់លោក ដោយមិនផ្តល់ភស្តុតាងណាមួយ។
វិធានការនេះ ធ្វើឡើង បើទោះបីជាសារព័ត៌មានដ៏ល្បីមួយនេះ បានសុំទោស ជុំវិញការកែប្រែសុន្ទរកថា របស់លោក ត្រាំ ក្នុងឯកសារនៃកម្មវិធី Panorama ក៏ដោយ។ យ៉ាងណា សាជីវកម្មនេះ មិនផ្តល់សំណង។
BBC បាននិយាយថា ការកែសម្រួលសុន្ទរកថា ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ជារឿងអចេតនា។ តែនាំឲ្យមានការយល់ច្រឡំ ដែលថា ប្រធានាធិបតី ត្រាំ បានធ្វើការអំពាវនាវដោយផ្ទាល់ សម្រាប់សកម្មភាពហឹង្សា។
ភាពចម្រូងចម្រាសនេះបាននាំឱ្យមានការលាលែងពីតំណែង របស់អគ្គនាយក BBC និង ប្រធានផ្នែកសារព័ត៌មាន។
មេធាវីរបស់ប្រធានាធិបតីអាមេរិក ធ្លាប់ប្រាប់ថា ការទាមទារសំណង ក្នុងការខូចខាតនេះ មានចំនួន ១ពាន់លានដុល្លារ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
