អាស៊ានថ្កោលទោសការវាយប្រហារតាមអាកាសលើមន្ទីរពេទ្យមីយ៉ាន់ម៉ា
គូឡាឡាំពួ ៖ អាស៊ានបានប្រកាសថ្កោលទោសការវាយប្រហារតាមអាកាស របស់យោធាមីយ៉ាន់ម៉ា លើមន្ទីរពេទ្យ នៅក្នុងប្រទេសមួយនេះ ដោយចាត់ទុកថា ជាការបំពានយ៉ាងធ្ងន់ធ្ងរ នៃច្បាប់អន្តរជាតិ។
យោងតាមការចេញផ្សាយ របស់សារព័ត៌មាន Arakan កាលពីថ្ងៃចន្ទ, លោក អាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានអាស៊ាន និង ជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមផ្លូវអាកាស ដែលធ្វើឡើងដោយយោធាមីយ៉ាន់ម៉ា និង ក្រុមប្រឹក្សាយោធា ដែលកំពុងកាន់អំណាច។
លោក អាន់វ៉ា សំដៅលើមន្ទីរពេទ្យ Mrauk-U នៅភាគខាងជើង រដ្ឋ អារ៉ាកាន ដោយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារ ហើយពិពណ៌នាថា «វាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ»។
លោក អាន់វ៉ា បានសង្កត់ធ្ងន់ថា ការកំណត់គោលដៅលើជនស៊ីវិល និងកន្លែងថែទាំសុខភាព បានបំពានយ៉ាងច្បាស់ទៅនឹងអនុសញ្ញា ទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ហើយជាដំណើរការផ្ទុយទៅនឹងគោលការណ៍ដែលមានចែង ក្នុងធម្មនុញ្ញអាស៊ាន ដោយបានគូសបញ្ជាក់ថា សកម្មភាពបែបនេះ មិនអាចទទួលយកបាន ក្នុងកាលៈទេសៈណាក៏ដោយ។
អាស៊ានបានអំពាវនាវឱ្យភាគីទាំងអស់ ក្នុងប្រទេសមីយ៉ាន់ម៉ា ចាត់វិធានការជាបន្ទាន់ និងជាក់ស្តែងដើម្បីបញ្ឈប់អំពើហឹង្សា ដោយមិនរើសអើង, បញ្ចប់ការវាយប្រហារសំដៅលើជនស៊ីវិល និងសម្ភារៈបរិក្ខារស៊ីវិល, អនុវត្តការអត់ធ្មត់ជាអតិបរមា និង ធានាការការពារជនស៊ីវិល ព្រមទាំង ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាពិសេស ស្ថាប័នថែទាំសុខភាព។
ការថ្កោលទោស របស់អាស៊ានបានកើតឡើង ចំពេលមានការកើនឡើងផ្នែកយោធា ដោយក្រុមប្រឹក្សាយោធាមីយ៉ាន់ម៉ា ក្នុងរដ្ឋ អារ៉ាកាន ចាប់តាំងពីរដ្ឋប្រហារ ឆ្នាំ២០២១ ជាមួយនឹងការវាយប្រហារតាមអាកាសម្តងហើយម្តងទៀត វាយប្រហារតំបន់ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងមន្ទីរពេទ្យ ទីផ្សារ និងកន្លែងគោរពបូជា។
នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញដោយប្រធានប្តូរវេនអាស៊ាន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥, អាស៊ានបានកត់សម្គាល់ថា ការវាយប្រហារតាមផ្លូវអាកាស កើតមានឡើងកាលពីថ្ងៃទី១០ ខែធ្នូ ដែលបណ្តាលឲ្យជនស៊ីវិលរាប់សិបនាក់បាត់បង់ជីវិត បានបង្កើនការព្រួយបារម្ភបន្ថែមទៀត អំពីសុវត្ថិភាពរបស់ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងរដ្ឋ អារ៉ាកាន៕
ប្រភពពី Arakan ប្រែសម្រួល ៖ សារ៉ាត
