កោះសូម៉ាត្រាចាយពេល ២ទៅ៣ខែ ទើបអាចស្តារឡើងវិញក្រោយទឹកជំនន់

ហ្សាកាតា ៖ កោះសូម៉ាត្រាដែលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ និងមានមនុស្សស្លាប់ច្រើនជាង ១,០០០នាក់ ដោយសារគ្រោះមហន្តរាយទឹកជំនន់កន្លងមកនេះ អាចនឹងចំណាយពេលចាប់ពី២ទៅ៣ខែ ទើបអាចវិលទៅដូចដើមឡើងវិញ ។ នេះបើតាម The straits times ចុះផ្សាយថ្ងៃចន្ទ។

យោងតាមទិន្នន័យផ្លូវការ, ចំនួនអ្នកស្លាប់ដោយសារព្យុះស៊ីក្លូន ដែលបង្កឱ្យមានទឹកជំនន់ និងការរអិលបាក់ដី បំផ្លិចបំផ្លាញផ្ទះសម្បែង និងបង្ខំឱ្យអ្នកស្រុករត់ទៅជ្រកកោននៅមណ្ឌលភៀសខ្លួនកាលពីចុងខែវិច្ឆិកា បានកើនឡើងដល់ ១,០៣០នាក់ គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ខណៈមនុស្សប្រហែល ២០៦នាក់នៅតែបន្តបាត់ដំណឹង ។ ព្យុះស៊ីក្លូនបិសាចនេះក៏បានឆក់យកអាយុជីវិតមនុស្សប្រហែល ២០០នាក់នៅភាគខាងត្បូងប្រទេសថៃ និងម៉ាឡេស៊ី ផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហាស្តារឡើងវិញ លោកប្រធានាធិបតីឥណ្ឌូណេស៊ី Prabowo Subianto និយាយថា ឆាប់ៗនេះ អាជ្ញាធរនឹងសាងសង់ផ្ទះរស់នៅបណ្តោះអាសន្នរាប់រយកន្លែងសម្រាប់ជនភៀសខ្លួន ។ បើតាមមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល, ដំណើរការស្តារកោះសូម៉ាត្រាឡើងវិញ អាចនឹងត្រូវចំណាយលុយយ៉ាងហោចណាស់ជាង ៣ពាន់លានដុល្លារ ។

គួរកត់សម្គាល់ ឥណ្ឌូណេស៊ីមានកោះច្រើនជាង ១៧,០០០កោះ និងស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្លើងនៃមហាសមុទ្រប៉ាស៊ីហ្វិក (Pacific Ring of Fire) ជាហេតុធ្វើឱ្យប្រទេសនេះ តែងតែជួបប្រទះជាញឹកញាប់ នូវខ្យល់ព្យុះ គ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើង ៕

ប្រភព ៖ The straits times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner