ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន អបអរសាទរពិធីបើកវេទិកាផ្លាស់ប្ដូរមិត្តភាពកម្ពុជា-ចិន “ផ្លូវសូត្រផ្សារភ្ជាប់ប្រជាជននិងប្រជាជន” ឆ្នាំ២០២៥
ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងជាអនុប្រធានក្រុមប្រឹក្សាភិបាលផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍ និងថ្លែងសន្ទរកថាអបអរសាទរនៃពិធីបើកវេទិកាផ្លាស់ប្ដូរមិត្តភាពកម្ពុជា-ចិន “ផ្លូវសូត្រផ្សារភ្ជាប់ប្រជាជននិងប្រជាជន” ឆ្នាំ២០២៥ ក្រោមមូលបទ «មិត្តភាពដ៏រឹងមាំគ្រប់រដូវកាល ផ្សារភ្ជាប់បេះដូងប្រជាជន និងប្រជាជន» ដោយមានការចូលរួមពីថ្នាក់ដឹកនាំកម្ពុជា-ចិន សហគ្រិន អ្នកវិនិយោគ និស្សិត និងបណ្ដាស្ថាប័នរដ្ឋនិងឯកជនជាច្រើនរូប នៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ីភ្នំពេញ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។
ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូចិនទាំងអស់ និងបានរំលេចសារជាថ្មីនូវសារៈសំខាន់នៃវេទិកាផ្លាស់ប្ដូរមិត្តភាពកម្ពុជា-ចិនឆ្នាំ២០២៥ ដែលជាចលករដ៏សំខាន់ក្នុងការរួមចំណែកលើកកម្ពស់ទំនាក់ទំនងប្រជាជននិងប្រជាជន ជាពិសេសការផ្លាស់ប្តូរវប្បធម៌ និងប្រពៃណីរវាងយុវជននៃប្រទេសទាំងពីរ ដើម្បីកសាងចំណងមិត្តភាព ទំនុកចិត្ត និងការយល់គ្នាទៅវិញទៅមក ក្នុងការស្វែងរកនូវឱកាសវិនិយោគ និងធុរកិច្ចរវាងសហគ្រិនវ័យក្មេង។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថាចំណងមិត្តភាពរាប់ពាន់ឆ្នាំជាប្រពៃណីរវាងកម្ពុជា និងចិនត្រូវបានបន្តពូនជ្រំ និងថែរក្សាយ៉ាងយកចិត្តទុកដាក់ដោយថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសទាំងពីររួមមាន ព្រះករុណា ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងថ្នាក់ដឹកនាំជំនាន់មុនៗនៃប្រទេសចិន និងត្រូវបានបន្តរីកលូតលាស់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង។ ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថាបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី នៅឆ្នាំ២០២៥។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា មិត្តភាពល្អរវាងប្រជាជន និងប្រជាជន គឺអាស្រ័យលើចិត្តរួមគ្នាជាធ្លុងតែមួយ ព្រមទាំងបង្ហាញនូវភាពជឿជាក់ខ្ពស់ថា វេទិកាផ្លាស់ប្តូរមិត្តភាពកម្ពុជា-ចិន ឆ្នាំ២០២៥ នឹងទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ៕














