រុស្ស៊ី និងឥណ្ឌា ឯកភាពដាក់ពង្រាយយោធា នាវាចម្បាំង និងយន្តហោះប្រយុទ្ធ

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទ បានចុះហត្ថលេខាចូលជាធរមាននូវច្បាប់បង្កើតកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល រវាងរុស្ស៊ី និងឥណ្ឌា ស្តីពីការដាក់ពង្រាយកងកម្លាំងយោធា នាវាចម្បាំង និងយន្តហោះប្រយុទ្ធទ្វេភាគី នៅលើទឹកដីរបស់គ្នាទៅវិញទៅមក ។

ស៊ីនហួរចុះផ្សាយនៅថ្ងៃអង្គារនេះថា កិច្ចព្រមព្រៀងផ្លាស់ប្តូរការគាំទ្រផ្នែកភស្តុភារទៅវិញទៅមក ហៅកាត់ថា (RELOS) មិនត្រឹមតែទាក់ទងនឹងការដាក់ពង្រាយបុគ្គលិក និងឧបករណ៍យោធាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលការគាំទ្រផ្នែកភស្តុភាររវាងប្រទេសទាំងពីរផងដែរ ។

កិច្ចព្រមព្រៀង RELOS នេះដែរ នឹងគ្របដណ្តប់ទៅលើការធ្វើសមយុទ្ធយោធារួមគ្នា និងការហាត់ហ្វឹកហ្វឺននៃកងទ័ពទាំងពីរ ការផ្តល់ជំនួយមនុស្សធម៌ ការកាត់បន្ថយផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ និងគ្រោះមហន្តរាយដែលបង្កឡើងដោយមនុស្ស និងសេណារីយ៉ូផ្សេងទៀតដែលបានព្រមព្រៀងគ្នាទៅវិញទៅមក ។

តាមរយៈកិច្ចព្រមព្រៀង RELOS នេះទៀតសោត ក៏រួមបញ្ចូលទាំងការអភិវឌ្ឍ និងពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី-ឥណ្ឌា ពិសេសភាគីទាំងពីរនឹងអនុញ្ញាត្តឱ្យប្រើប្រាស់ដែនអាកាស និងចូលចតកំពង់ផែទៅវិញទៅមក មិនថាជាយន្តហោះប្រយុទ្ធ និងនាវាចម្បាំងក៏ដោយ ។

កិច្ចព្រមព្រៀងនេះកើតឡើង បន្ទាប់ពីលោកប្រធានាធិបតី ពូទីន នាដើមខែធ្នូនេះ បានធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឥណ្ឌាលើកដំបូងចាប់តាំងពីឆ្នាំ ២០២១ ក្នុងគោលបំណងលើកកម្ពស់ភាពជាដៃគូរឱ្យកាន់តែរឹងមាំរវាងសម្ព័ន្ធមិត្តទាំងពីរ ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner