រដ្ឋមន្រ្តីសុខាភិបាល៖ ទោះបីមានភាពមមាញឹក​ការ​​ងារ​ព្រំដែន សុខាភិបាលនៅតែរឹងមាំប្រយុទ្ធ​នឹង​ជំងឺមិនឆ្លង

ភ្នំពេញ៖ថ្លែងដោយមិនស្ទើរស្ទាក់ឯកឧត្តម​សា​ស្រ្តា​​ចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានបញ្ជាក់ថា​ទោះបីមានភាព​មមាញឹក​ការងារ​ព្រំ​ដែន សុខាភិបាលនៅតែបន្តរឹងមាំនូវការងារ​ស្នូល​របស់ខ្លួន ជាពិសេសការប្រយុទ្ធនឹងជំងឺមិនឆ្លង ដែល​ជា​សត្រូវលាក់មុខ ហើយស្ងាត់ស្ងៀមបំផុត ។

កាលពីព្រឹកថ្ងៃអង្គារទី១៦ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងសុខាភិបាលបានបើក​សិក្ខា​សាលាពិគ្រោះយោបល់បញ្ចប់ផែនការ​សកម្ម​ភាពជាតិ ស្តីពីលើកកម្ពស់សុខភាព ដើម្បីបង្ការ និ​ង​ប្រយុទ្ធនឹងជំងឺមិនឆ្លង ឆ្នាំ២០២៦-២០៣០ ។

គោលបំណងនៃការរៀបចំផែនការនេះ គឺដើម្បីធា​នា​ថា កម្ពុជាអាចសម្រេចបាននូវគោលដៅ​អភិវឌ្ឍ​ន៍​ប្រកបដោយចីរភាព (SDG) ដែលជាការប្តេជ្ញា​ចិត្ត​ដ៏ធំរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយ​មរណ​ភាពមុនអាយុ ដោយសារជំងឺមិនឆ្លង គឺជា​ការ​សម្រេចចិត្តជាមូលដ្ឋាន ដើម្បីផ្លាស់ប្តូរទិសដៅ​ធន​ធាន​ទៅកាន់ការលើកកម្ពស់សុខភាព ដែលជា​វិធី​សាស្ត្របង្ការដ៏មាន​ប្រសិទ្ធភាពបំផុត។

ឯកឧត្តមសាស្រ្តាចារ្យ បានលើកឡើងថា ជំងឺមិន​ឆ្លង​កើតឡើងដោយសារកត្តាហានិភ័យពាក់ព័ន្ធ​នឹង​ឥរិយាបថសំខាន់ៗ ២៖ កត្តាវ័យ និងកត្តា នៃ​ការ​រស់នៅ ហើយអាចចៀសវាងបាន ដោយត្រូវ​ផ្លាស់​ប្តូររបៀបរបបនៃការរស់នៅ ទទួលទានអា​ហា​រ​មិនមានសុខភាពល្អ ការជក់បារី ការប្រើប្រា​ស់​គ្រឿងស្រវឹង និងកង្វះសកម្មភាពរាងកាយ។

ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍​មួយចំនួន ដើម្បីបង្ការ និងកាត់បន្ថយអត្រាមាន​ជំងឺ និងមរណភាពដោយសារជំងឺមិនឆ្លង ចាំបាច់​ត្រូវការសមត្ថភាពប្រព័ន្ធសុខាភិបាលរឹងមាំ អភិ​ក្រម នវានុវត្តន៍ និងយន្តការហិរញ្ញប្បទាន​សម​ស្រប ដើម្បី​បម្រើ​សេវា​ជំងឺមិនឆ្លង ប្រកបដោយ​ប្រសិទ្ធភាព និងកាត់បន្ថយជាអតិបរមាឥរិយាបថ​ហានិភ័យដល់សុខភាព នៅក្នុងក្របខណ្ឌរួមនៃ​ការ​ពង្រឹងសមត្ថភាព និងទំនើបកម្មប្រព័ន្ធបម្រើ​សេវា​ថែទាំសុខភាព ជាដើម ។

ឯកឧត្តមសាស្រ្តាចារ្យ អំពាវនាវឱ្យក្រសួងពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ចាត់ទុកជំងឺមិនឆ្លងជា​បញ្ហា​អាទិ​ភាព និងធ្វើការរួមគ្នាអនុវត្ត ផែនការសកម្មភាព​ជាតិ​លើកកម្ពស់សុខភាព ដើម្បីបង្ការ និងប្រយុទ្ធ​នឹង​ជំងឺមិនឆ្លងនេះ ដើម្បីឱ្យប្រទេសកម្ពុជា​មាន​លទ្ធ​ភាព​កាត់បន្ថយបន្ទុកជំងឺមិនឆ្លង ដែលអាច​ការ​ពារបាន និងដែលត្រូវចំណាយថវិកាច្រើន ៕

អត្ថបទ ៖ ឈឹម សុផល
រូបភាព ៖ ថេត វិចិត្រ និង ហេង សម្បត្តិ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner