ស.ស.យ.ក វិស័យផែនការទទួលថវិកា និងសម្ភារៈសម្រាប់ផ្ដល់ជូនកងទ័ពជួរមុខ និងជនភៀសសឹក
ភ្នំពេញ៖សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)វិស័យផែនការទទួលថវិកា និងសម្ភារៈមួយចំនួនដើម្បីផ្ដល់ជូនកងទ័ពជួរមុខ និងជនភៀសសឹក តាមរយៈសហភាពសហព័ន្ធរាជធានីភ្នំពេញ។

ក្នុងពិធីជួបជុំគ្រួសារក្រុមការងារស.ស.យ.ក.វិស័យផែនការ ដឹកនាំដោយឯកឧត្តម ឆាយ សត្យា ប្រធានក្រុមការងារ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ លោក ស្រី ដា អនុប្រធានទទួលបន្ទុកលើមូលនិធិសប្បុរស និងទទួលប្រតិបត្តិលើការរៀបចំកម្មវិធីនេះ បានឱ្យដឹងថា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ យើងសូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ដល់វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង ដែលកំពុងប្រឈមមុខនឹងសត្រូវឈ្លានពាន និងប្រកាសគាំទ្ររាល់ចំណាត់ការដ៏ម៉ឺងម៉ាត់នានា របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារបូរណភាពទឹកដី ជាតិមាតុភូមិកម្ពុជា មិនអោយបាត់បង់ ទោះក្នុងតម្លៃណាក៏ដោយ ។

អង្គពិធីនេះ បានជួបជុំបង្ហាញនូវការសាមគ្គីគ្នា អមដោយការច្រៀង ចម្រៀងបទ ”ពង្សសាវតាខ្មែរ” និងបទ “ដែនដីខ្មែរ” ដើម្បីបង្ហាញពីទឹកចិត្តស្នេហាដ៏ស្មោះស្ម័គ្រ ចំពោះជាតិមាតុភូមិកម្ពុជា ។

ដោយជ្រាបច្បាស់ពីស្ថានភាពដ៏តានតឹងនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន និងការគំរាមកំហែងដល់អាយុជីវិតជនស្លូតត្រង់ និងការផ្លាស់ទីលំនៅរបស់ប្រជាជនកម្ពុជារាប់ម៉ឺននាក់ ស.ស.យ.ក. វិស័យផែនការ បានកៀរគរប្រមូលមូលនិធិ ពីសមាជិក សមាជិកាស.ស.យ.ក. វិស័យផែនការ ព្រមទាំងសប្បុរសជននានា ដោយបានទទួលថវិកា និងសម្ភារៈមួយចំនួន ដើម្បីផ្ដល់ជូនវីរកងទ័ពជួរមុខ និងជនភៀសសឹក ។

គួរបញ្ជាក់ថា សម្ភារៈទាំងអស់ ក្រុមការងារបាននាំយកទៅប្រគល់ជូនសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ មានស្នាក់ការនៅអគារខេមរានី សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីចាត់ចែងបន្ត ៕
ដោយ៖ វណ្ណលុក
