ទូតរុស្ស៊ីប្រចាំកម្ពុជា ថា រុស្ស៊ី នឹងបន្តប្រតិបត្តិការយោធាលើ អ៊ុយក្រែន បើទីក្រុងកៀវមិនចង់បានសន្តិភាព
រុស្ស៊ីនឹងបន្តប្រតិបត្តិការយោធាទៅលើអ៊ុយក្រែន ប្រសិនបើរដ្ឋាភិបាលទីក្រុងកៀវមិនយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពដែលផ្ដួចផ្ដើមដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ទេនោះ ។ នេះជាការលើកឡើងរបស់លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំនៅកម្ពុជានាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នេះ ។
លោក Anatoly Borovik និយាយថា ក្នុងករណីដែលរដ្ឋាភិបាលទីក្រុងកៀវបដិសេធកិច្ចព្រមព្រៀងសន្តិភាព, រុស្ស៊ីនឹងបន្តប្រតិបត្តិការយោធាលើអ៊ុយក្រែន ដើម្បីការពារប្រជាជនដែលកំពុងរស់នៅតំបន់ Donbass, កុំឲ្យមានលទ្ធិណាស៊ីនិយមនៅក្នុងប្រទេសអ៊ុយក្រែន និងដើម្បីការពារការបំពានសិទ្ធិប្រជាជនរុស្ស៊ី ។
យ៉ាងណា ក្រៅពីការបើកប្រតិបត្តិការលើអ៊ុយក្រែន, រុស្ស៊ីក៏មានឆន្ទៈក្នុងការស្វែងរកដំណោះស្រាយសន្តិភាព ក៏ដូចជានៅតែបើកចំហចំពោះការចរចា និងចង់បន្តការសន្ទនាផងដែរ ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃទី៧ ខែធ្នូថា រដ្ឋាភិបាលទីក្រុងមូស្គូបានធ្វើការយ៉ាងយកចិត្តទុកដាក់លើសេចក្តីព្រាងផែនការសន្តិភាពដែលរៀបចំដោយលោក ត្រាំ ។
បើតាម Reuters, សហរដ្ឋអាមេរិកកាលពីចុងខែវិច្ឆិកាបានប្រកាសបង្កើតផែនការសន្តិភាពមួយដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយកំពុងព្យាយាមបញ្ចុះបញ្ចូលភាគីទាំងពីរឲ្យយល់ព្រម ។
ដើមឡើយ សំណើនេះបានជំពើបប៉ះនឹងការប្រឆាំងពីអ៊ុយក្រែន និងអឺរ៉ុប ដោយសារតែវានាំឲ្យអ៊ុយក្រែនរងការខាតបង់ច្រើនពេក ដោយក្នុងនោះបង្ខំឲ្យទីក្រុងកៀវប្រគល់តំបន់ Donbass ទៅឲ្យរុស្ស៊ីជាថ្នូរនឹងការធានាសន្តិសុខរយៈពេលវែង, ស្នើឲ្យអ៊ុយក្រែនបន្ថយកម្លាំងទ័ពមិនឲ្យលើសពី ៦០ ម៉ឺននាក់, បោះបង់ចិត្តគំនិតចង់បានអាវុធទំនើបៗ និងលុបចោលបំណងប្រាថ្នាចូលរួមជាមួយអង្គការណាតូជាដើម ។
រុស្ស៊ីបញ្ជាក់ម្តងហើយម្តងទៀតថា រុស្ស៊ីប្រឆាំងដាច់ខាតចំពោះគោលបំណងរបស់អ៊ុយក្រែនក្នុងការចូលអង្គការណាតូ ជាពិសេសតម្រូវឲ្យទីក្រុងកៀវរក្សាឋានៈចាប្រទេស “អព្យាក្រឹត មិនមាននុយក្លេអ៊ែរ និងមិនចូលបក្សសម្ព័ន្ធរបស់ខ្លួន ៕
ប្រភព ៖ TASS – Reuters ប្រែសម្រួល ៖ សុខ ជីវ័ន្ត