សមាជិកជំរុញមេ UN ថ្មី កែទម្រង់ស្ថាប័នឡើងវិញ ខណៈជម្លោះទូទាំងពិភពលោកកើនឡើង

ញូវយ៉ក ៖ សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រំពឹងថា ប្រមុខដឹកនាំ UN ថ្មីនឹងសង្កត់ធ្ងន់លើការកែទម្រង់ស្ថាប័នឡើងវិញ ស្របពេលជម្លោះកំពុងកើនឡើងនៅទូទាំងសកលលោក ។

បើតាមទីភ្នាក់ងារ Anadolu, ប្រមុខដឹកនាំ UN ថ្មីនឹងចូលកាន់តំណែងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ ខណៈលោក Antonio Guterres ដែលជាប្រមុខដឹកនាំ UN បច្ចុប្បន្ន នឹងបញ្ចប់មុខតំណែងមួយនេះនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ ។

សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជំរុញឲ្យមេ UN ថ្មី ត្រូវប្រើសិទ្ធិអំណាចឡើងវិញ បង្កើនការទទួលខុសត្រូវ និងអនុវត្តកាន់តែម៉ឺងម៉ាត់នូវភារកិច្ចស្នូលរបស់ស្ថាប័នអន្តរជាតិមួយនេះ ។

តំណាងអចិន្ត្រៃយ៍បារាំងនិយាយថា ប្រមុខ UN ថ្មីត្រូវតែនាំអង្គការសហប្រជាជាតិត្រឡប់ទៅរកមូលដ្ឋានគ្រឹះវិញ និងជួយសម្រេចបាននូវចក្ខុវិស័យរក្សាសន្តិភាព និងវិបុលភាពដែលបានបង្កើតឡើងកាលពី ៨០ ឆ្នាំមុន ។

ចំណែកតំណាងអចិន្ត្រៃយ៍រុស្ស៊ី និងអាមេរិកបានរិះគន់ស្រដៀងគ្នាថា អង្គការសហប្រជាជាតិជារឿយៗគ្មានប្រសិទ្ធភាព, ខ្វះការទទួលខុសត្រូវ តែងតែបរាជ័យមិនអាចបំពេញតាមតម្រូវការរបស់សហគមន៍អន្តរជាតិ ទោះបីជាខ្លួនមានសិទ្ធិអំណាច និងសក្តានុពលធំធេងក៏ដោយ ។

តំណាងអចិន្ត្រៃយ៍អាមេរិកនិយាយថា អ្នកស្នងតំណែងបន្ទាប់ ត្រូវតែនាំ UN ត្រឡប់ទៅរកគោលបំណងស្នូល និងគោលការណ៍នៃធម្មនុញ្ញ UN ឡើងវិញ ជាពិសេសគឺការធានាថា ស្ថាប័នកំពូលមួយនេះ នឹងត្រូវបម្រើជាប្រយោជន៍ដល់រដ្ឋជាសមាជិក ។

ក្រុមប្រឹក្សាសន្តិសុខ UN បង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៤៥ ។ បច្ចុប្បន្នស្ថាប័នមួយនេះ មានសមាជិកចំនួន ១៥ ប្រទេស ក្នុងនោះមានសមាជិកអចិន្ត្រៃយ៍ចំនួន ៥ រួមមានចិន បារាំង រុស្ស៊ី ចក្រភពអង់គ្លេស និងអាមេរិក ។

សិទ្ធិអំណាចពិសេសរបស់សមាជិកអចិន្ត្រៃយ៍ទាំង ៥ នោះគឺអាចប្រើអំណាចវេតូប្រឆាំងនឹងសេចក្តីសម្រេចណាមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ៕

ប្រភព ៖ Anadolu Agency ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner