រដ្ឋបាលរាជធានីភ្នំពេញ ហាមឃាត់ការប្រើប្រាស់ដ្រូនគ្រប់ប្រភេទ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្តីណែនាំស្តីពីការហាមឃាត់ ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ការហាមឃាត់នេះក្រោមហេតុផលដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ខណៈកម្ពុជាកំពុងរងការឈ្លានពានពីប្រទេសថៃ។
អាន៖សេចក្តីណែនាំដែលមាន៤ចំណុច បានបញ្ជាក់ថា ក្នុងកាលៈទេសៈដែលព្រះរាជាណាចក្រកម្ពុជា កំពុងតែត្រូវបានឈ្លានពានដោយខ្មាំងសត្រូវនោះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖ ១- ហាមដាច់ខាតការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ២- ជនណាដែលបំពាន ឬប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយគ្មានការអនុញ្ញាត ពីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវទទួលខុសត្រូវទាំងស្រុងនៅចំពោះមុខច្បាប់ជាធរមាន។ ៣- ករណីបងប្អូនប្រជាពលរដ្ឋ បានប្រទះឃើញមានការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) សូមរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច ឬសូមទំនាក់ទំនងមកកាន់លេខ Hotline ១២៩៩ ដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលា។
ចំណុចទី ៤ដែលជាចំណុចចុងក្រោយ រដ្ឋបាលរាជធានី បានណែនាំដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវបង្កើនការយកចិត្តទុកដាក់ តាមដានចាត់ចែង និងគ្រប់គ្រងសភាពការណ៍ឱ្យបានល្អប្រសើរក្នុងករណីពិនិត្យឃើញមានជនណាបំពាន សេចក្តីណែនាំនេះ ត្រូវចាត់វិធានការជាបន្ទាន់ ៕
ដោយ ៖ ឈឹម សុផល ,ហេង សម្បត្តិ


