អ៊ីរ៉ង់ប្រកាសពីក្រុងមូស្គូថា ខ្លួនសិទ្ធិស្របច្បាប់លើនុយក្លេអ៊ែរ
តេហេរ៉ង់ ៖ អំឡុងបំពេញទស្សនកិច្ចនៅរុស្ស៊ី, រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានបញ្ជាក់ជាថ្មី នូវសិទ្ធិស្របច្បាប់របស់ខ្លួន ចំពោះកម្មវិធីនុយក្លេអ៊ែរ។
យោងតាមការចេញផ្សាយ របស់សារព័ត៌មាន Tass, រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ប្រទេសអ៊ីរ៉ង់នឹងមិនបោះបង់សិទ្ធិស្របច្បាប់របស់ខ្លួន ក្នុងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ ដោយគ្មានគោលដៅបម្រើដល់យោធា រួមទាំង ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ផងដែរ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីមានកិច្ចពិភាក្សា ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នៅទីក្រុងមូស្គូ កាលពីថ្ងៃពុធ, លោក Abbas Araghchi បានរៀបរាប់ថា «សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ជាសមាជិក នៃ សន្ធិសញ្ញា NPT ដែលប្តេជ្ញាចិត្តចំពោះ របបមិនរីកសាយភាយ នៃអាវុធនុយក្លេអ៊ែរ។ យើងបំពេញកាតព្វកិច្ចនេះ ប៉ុន្តែ យើងនឹងមិនបោះបង់សិទ្ធិ ក្រោមសន្ធិសញ្ញានេះ រួមទាំងសិទ្ធិប្រើប្រាស់ថាមពលនុយក្លេអ៊ែរ និងការពង្រឹង តាមរបៀបសន្តិភាព»។
យោងតាមលោក Araghchi, ការវាយប្រហារ របស់អាមេរិក និងអ៊ីស្រាអែល ទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងខែមិថុនា មិនអាចបំផ្លាញបច្ចេកវិទ្យានេះបានដែរ បើទោះបីជាពួកគេបានបំផ្លាញអគារ និង ឧបករណ៍ខ្លះក៏ដោយ។
ពេញមួយយប់ ឈានចូលថ្ងៃទី ១៣ ខែមិថុនា អ៊ីស្រាអែលបានបើកប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ដែលជំរុញឱ្យមានការវាយប្រហារសងសឹក ដោយសាធារណរដ្ឋឥស្លាម មួយនេះវិញ។
គួររម្លឹក នៅថ្ងៃទី ២២ ខែមិថុនា សហរដ្ឋអាមេរិកបានចូលទៅក្នុងជម្លោះនេះ ដោយបានវាយលុកទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ នៅ Isfahan, Natanz និង Fordow។ នៅថ្ងៃបន្ទាប់ អ៊ីរ៉ង់បានវាយប្រហារ មូលដ្ឋាន Al-Udeid ជាកម្មសិទ្ធិ ទ័ពអាកាសអាមេរិកដ៏ធំបំផុត នៅមជ្ឈិមបូព៌ា ដែលមានទីតាំង នៅប្រទេសកាតា។ ក្រោយមក ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា អ៊ីស្រាអែល និងអ៊ីរ៉ង់បានយល់ព្រមលើបទឈប់បាញ់ ដែលចូលជាធរមាន នៅថ្ងៃទី ២៤ ខែមិថុនា៕
ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត