អ៊ីតាលី ព្រមានអឺរ៉ុប ជុំវិញផែនការរឹបអូសទ្រព្យរុស្ស៊ី

រ៉ូម ៖ អ៊ីតាលី ព្រមានថា ផែនការរបស់សហភាពអឺរ៉ុប លើទ្រព្យសកម្មរបស់រុស្ស៊ី មិនអាចធ្វើទាំងបង្ខំបានទេ។

លោកស្រី Giorgia Meloni នាយករដ្ឋមន្ត្រីអ៊ីតាលី កាលពីថ្ងៃពុធ បាននិយាយថា ផែនការរបស់សហភាពអឺរ៉ុបសម្រាប់ផ្តល់ហិរញ្ញប្បទាន ដល់អ៊ុយក្រែន ដោយប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កក គឺជាការសម្រេចចិត្តដ៏ស្មុគស្មាញ មិនអាចធ្វើទាំងបង្ខំបានទេ។

លោកស្រីបញ្ជាក់ថា «ប្រទេស អ៊ីតាលី ច្បាស់ណាស់ ពិចារណាលើគោលការណ៍ ដែលថា រុស្ស៊ីគួរតែជាប្រទេសដំបូង ដែលចំណាយសម្រាប់ការកសាងប្រទេសអ៊ុយក្រែន ឡើងវិញ ប៉ុន្តែ ត្រូវតែសម្រេចបាន នៅលើមូលដ្ឋានច្បាប់ដ៏រឹងមាំ»។

លោកស្រី Meloni បានអំពាវនាវឱ្យមាន “ភាពច្បាស់លាស់ ទាក់ទងនឹងហានិភ័យ ដែលអាចកើតឡើង ជុំវិញការប្រើប្រាស់សាច់ប្រាក់ ជាពិសេស ទាក់ទងនឹងកេរ្តិ៍ឈ្មោះ, ការសងសឹក ឬ បន្ទុកថ្មី និង ធ្ងន់លើថវិកាជាតិ ជាដើម។

មេដឹកនាំ អ៊ីតាលី រូបនេះ បានលើកឡើង ដូច្នេះ នៅមុនពេលកិច្ចប្រជុំកំពូល នៅក្នុងទីក្រុងព្រុចសែល នៅថ្ងៃព្រហស្បតិ៍ និង ថ្ងៃសុក្រនេះ ដែលរំពឹងថា នឹងផ្តោតលើការបង្វែរយកលុយបង្កករបស់រុស្ស៊ី ជួយអ៊ុយក្រែន។

ប្រធានសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen កំពុងជំរុញផែនការប្រើប្រាស់ទ្រព្យសម្បត្តិ ធនាគារកណ្តាលរបស់រុស្ស៊ី ដែលបង្កក ដើម្បីផ្តល់ប្រាក់កម្ចីដល់ទីក្រុង Kyiv ប៉ុន្តែ ការធ្វើបែបនេះ ប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំងពីបែលហ្ស៊ិក ដែលជាម្ចាស់មូលនិធិ ភាគច្រើន។

បែលហ្ស៊ិក បារម្ភថា គម្រោងនេះ អាចកើតមាននូវការសងសឹករបស់រុស្ស៊ី ហើយកំពុងទទូចលើការធានាដ៏រឹងមាំ ពីប្រទេសសហភាពអឺរ៉ុប ផ្សេងទៀត ដែលថា ពួកគេនឹងចែករំលែក ទទួលយកការរងគ្រោះ ទាំងផ្នែកច្បាប់ និង បញ្ហាហិរញ្ញវត្ថុ ណាមួយ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner