អ៊ីរ៉ង់គំរាមវ៉ៃមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ា

តេហេរ៉ង់ ៖ ប្រមុខការទូតកំពូលអ៊ីរ៉ង់បានស្រែកគំរាមខ្លាំងៗថា បើសិនទីក្រុងវ៉ាស៊ីនតោនបើកការវាយប្រហារប្រឆាំងនឹងទីក្រុងតេហេរ៉ង់ម្តងទៀត នោះមូលដ្ឋានយោធាអាមេរិកនៅមជ្ឈិមបូព៌ា នឹងក្លាយជាគោលដៅរងការវាយលុករបស់អ៊ីរ៉ង់ ។

ការព្រមានបែបនេះរបស់អ៊ីរ៉ង់ ធ្វើឡើងក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Al Jazeera ក្នុងថ្ងៃអង្គារ ក្រោយទីក្រុងតេហេរ៉ង់បានបាញ់ស្រោចមីស៊ីលកម្ទេចមូលដ្ឋានយោធាអាមេរិកនៅកាតា កាលពីខែមិថុនា ជាការសងសឹកទីក្រុងវ៉ាស៊ីនតោនដែលបានទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បាននិយាយយ៉ាងដូច្នេះថា យើងវាយប្រហារមូលដ្ឋានអាមេរិកនៅកាតា ប៉ុន្តែមិនមែនវាយប្រហារកាតាទេ ។ បើសិនសង្គ្រាមផ្ទុះឡើងរវាងយើង និងអាមេរិក ហើយអាមេរិកវាយប្រហារទីតាំងនុយក្លេអ៊ែររបស់យើងម្តងទៀត នោះប្រាកដណាស់ យើងនឹងវាយប្រហារមូលដ្ឋានយោធារបស់ពួកគេ មិនថា មូលដ្ឋានទាំងនោះនៅទីតាំងផ្សេងគ្នាក៏ដោយ ។

ទោះបីជាយ៉ាងណា ប្រមុខការទូតមានវ័យ៦៣ឆ្នាំរូបនេះ បានបញ្ជាក់ជាថ្មីថា ដំណោះស្រាយដោយសន្តិវិធី ចំពោះបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺអាចសម្រេចបានទាំងស្រុង ដរាបណាភាគីទាំងពីរគោរពសិទ្ធិគ្នាទៅវិញទៅមក ហើយអ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្រេចបានកិច្ចព្រមព្រៀងដោយផ្អែកលើផលប្រយោជន៍គ្នាទៅវិញទៅមក ។

សូមរម្លឹកថា នៅថ្ងៃទី២២ ខែមិថុនា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចូលរួមជាមួយអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ តាមរយៈការបញ្ជាឱ្យយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 ទៅទម្លាក់គ្រាប់បែកលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន៣ទីតាំង ដែលបង្កឱ្យមានជម្លោះរយៈពេល ១២ថ្ងៃ ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner