ជប៉ុនផ្អាកបាញ់បង្ហោះរ៉ុក្កែត H3 ទៅក្រៅផែនដី

តូក្យូ ៖ ប្រទេសជប៉ុនបានប្រកាសបញ្ឈប់ភ្លាមៗ ផែនការបាញ់បង្ហោះរ៉ុក្កែត H3 កាលពីថ្ងៃពុធ ដើម្បីបញ្ជូនផ្កាយរណប “Michibiki លេខ 5” ឡើងទៅកាន់ទីអវកាស ដោយសារតែមានបញ្ហាបច្ចេកទេស ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ។

ដំបូងឡើយ ផ្កាយរណបរុករក Michibiki របស់ជប៉ុន គ្រោងនឹងបាញ់បង្ហោះទៅក្រៅផែនដី នៅម៉ោងប្រមាណ ១១និង១១នាទីព្រឹកថ្ងៃពុធ (ម៉ោងក្នុងតំបន់) ចេញពីមជ្ឈមណ្ឌលអវកាស Tanegashima ក្នុងខេត្ត Kagoshima ភាគនិរតីប្រទេសជប៉ុន ។

ប៉ុន្តែការបាញ់បង្ហោះនៅពេលនោះ ត្រូវបានលុបចោលភ្លាមៗ ដោយសារតែមានភាពមិនប្រក្រតីមួយ ត្រូវបានរកឃើញនៅក្នុងប្រព័ន្ធ នេះបើតាមសេចក្តីប្រកាសចេញពីទីតាំងបាញ់បង្ហោះ ។ បច្ចុប្បន្ន ទីភ្នាក់ងាររុករកអវកាសជប៉ុន និងភាគីផ្សេងទៀតកំពុងស៊ើបអង្កេតរកមូលហេតុ ។

Michibiki គឺជាផ្កាយរណបផលិតក្នុងស្រុករបស់ជប៉ុន ដែលបង្កើតឡើងមានគោលបំណងបង្កើនភាពត្រឹមត្រូវ នៃប្រព័ន្ធកំណត់ទីតាំងសកល ហៅកាត់ GPS សម្រាប់ស្មាតហ្វូន, ប្រព័ន្ធរុករកក្នុងរថយន្ត និងសេវាកម្មផ្អែកលើទីតាំងផ្សេងទៀត ។

ប្រព័ន្ធបច្ចុប្បន្នមានផ្កាយរណបចំនួន ៥គ្រឿង ដែលកំពុងគោចរជុំវិញប្រទេសជប៉ុន ដែលមិនត្រឹមតែជួយដល់ប្រតិបត្តិការរុករកប៉ុណ្ណោះទេ ប៉ុន្តែក៏មានការជូនដំណឹងអំពីគ្រោះរញ្ជួយដីជាបន្ទាន់នៅក្នុងតំបន់ដែលគ្មានសញ្ញាទំនាក់ទំនងផងដែរ ។

ប្រទេសជប៉ុនមានបំណងពង្រីកប្រព័ន្ធផ្កាយរណប ចាប់ពី ៤ទៅ៧គ្រឿង ដើម្បីកាត់បន្ថយការពឹងផ្អែកលើការផ្តល់ព័ត៌មានទីតាំងពីបណ្តាញផ្កាយរណបបរទេស ។ ដូច្នេះ Michibiki លេខ 5 គឺជាផ្កាយរណបទី៦ នៃបេសកកម្មនេះ ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner