លោក ពូទីន គំរាមវាយយកទឹកដី អ៊ុយក្រែន បន្ថែម បើអឺរ៉ុបរារាំងផ្លូវសន្តិភាព

មូស្គូ ៖ លោកប្រធានាធិបតី Vladimir Putin គំរាមថា រុស្ស៊ីនឹងបន្តវាយដណ្តើមយកទឹកដីអ៊ុយក្រែនបន្ថែមទៀត ប្រសិនបើរដ្ឋាភិបាលទីក្រុងកៀវ និងអ្នកនយោបាយអឺរ៉ុប ហាក់មិនអើពើ ឬបង្កជាឧបសគ្គដល់កិច្ចព្រមព្រៀងសន្តិភាពដែលផ្ដួចផ្ដើមឡើងដោយសហរដ្ឋអាមេរិក ។

បើតាមសារព័ត៌មាន The Star, បច្ចុប្បន្ន អាមេរិកកំពុងបើកកិច្ចចរចាជាមួយរុស្ស៉ី និងកិច្ចចរចាដាច់ដោយឡែកជាមួយអ៊ុយក្រែន និងក្រុមមេដឹកនាំអឺរ៉ុប ទាក់ទិនទៅនឹងសំណើបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែមិនទាន់ឈានដល់ការឯកភាពគ្នាណាមួយនៅឡើយទេ ។

ការមិនទាន់ឈានដល់ការឯកភាពគ្នានេះ គឺដោយសារតែទាំងទីក្រុងកៀវ និងសម្ព័ន្ធមិត្តអឺរ៉ុប សុទ្ធតែព្រួយបារម្ភជាខ្លាំង ចំពោះការទាមទារឲ្យអ៊ុយក្រែនលះបង់ទឹកដី ជាថ្នូរនឹងការធានាសន្តិសុខរយៈពេលវែង ។

លោក Putin លើកឡើងក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រសួងការពារជាតិរុស្ស៉ីកាលពីថ្ងៃពុធថា បច្ចុប្បន្នរុស្ស៉ីកំពុងរីកចម្រើននៅគ្រប់សមរភូមិទាំងអស់ ហើយនឹងសម្រេចគោលដៅរបស់ខ្លួន ទាំងតាមមធ្យោបាយយោធា ឬការទូត ។

លោក Putin ក៏បានព្រមានដែរថា បើសិនអ៊ុយក្រែន និងមិត្តភក្តិបរទេសរបស់ពួកគេ បដិសេធមិនចូលរួមកិច្ចចរចាសន្តិភាព នោះរុស្ស៉ីនឹងសម្រេចឱ្យបាននូវការរំដោះទឹកដីជាប្រវត្តិសាស្ត្ររបស់ខ្លួនដោយកម្លាំងយោធា ។

បើតាម RT, គិតត្រឹមពេលនេះ រុស្ស៉ីថែមទាំងកំពុងគ្រប់គ្រង ១៩ ភាគរយនៃទឹកដីអ៊ុយក្រែន ក្នុងនោះរួមមានទាំងតំបន់ Crimea ដែលទីក្រុងមូស្គូបានក្រសោបយកកាលពីឆ្នាំ ២០១៤ រួមទាំងទឹកដីភាគច្រើននៃតំបន់ Donbas, Kherson និង Zaporizhzhia ផងដែរ ៕

ប្រភព ៖ The Star និង RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner