អាមេរិក អនុម័តគម្រោងលក់អាវុធតម្លៃ ១១ ពាន់លានដុល្លារ ឱ្យកោះតៃវ៉ាន់

វ៉ាស៊ីនតោន ៖ ស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់កាន់តែពុះកញ្ជ្រោល នៅពេលដែលអាមេរិកបានបើកភ្លើងបៃតងលក់អាវុធមានតម្លៃរហូតដល់ ១១,១ពាន់លានដុល្លារ ទៅឱ្យកោះតៃវ៉ាន់។ ការអនុម័តកញ្ចប់លក់អាវុធក្នុងតម្លៃសន្ធឹកសន្ធាប់នេះ ជាការជួញដូរធំបំផុតមិនធ្លាប់មាន ខណៈទីក្រុងតៃប៉ិកំពុងស្ថិតក្រោមសម្ពាធយោធាកាន់តែខ្លាំងឡើងពីមហាយក្សចិន ។

សារព័ត៌មាន CNA រាយការណ៍ថា នេះគឺជាការលក់សព្វាវុធឱ្យកោះតៃវ៉ាន់លើកទី២ហើយ ក្រោមរដ្ឋបាលបច្ចុប្បន្នរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ហើយបានកើតឡើងនៅពេលចិនកំពុងបង្កើនសម្ពាធយោធា និងការទូតលើតៃវ៉ាន់ ដែលទីក្រុងប៉េកាំងតែងតែអះអាងថា កោះនេះជាផ្នែកមួយនៃប្រទេសរបស់ខ្លួន ។

ក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា កញ្ចប់អាវុធនេះ គ្របដណ្តប់លើគ្រឿងសព្វាវុធចំនួន៨មុខ រួមមានប្រព័ន្ធរ៉ុកែ្កត HIMARS, កាំភ្លើងធំ, មីស៊ីលប្រឆាំងរថក្រោះ Javelin, យានដ្រូនរាវរកគោលដៅ Altius និងគ្រឿងបន្លាស់សម្រាប់ឧបករណ៍យោធាដទៃទៀត ។

រីឯ មន្ទីរបញ្ចកោណក៏បានគូសបញ្ជាក់ផងដែរថា ការលក់អាវុធទាំងនេះ បម្រើផលប្រយោជន៍ជាតិ សេដ្ឋកិច្ច និងសន្តិសុខរបស់អាមេរិក ដោយគាំទ្រដល់កិច្ចប្រឹងប្រែងជាបន្តបន្ទាប់របស់កោះតៃវ៉ាន់ ដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន និងរក្សាសមត្ថភាពការពារដ៏គួរឱ្យទុកចិត្តបាន ។

ដោយសារមានការគាំទ្រពីអាមេរិក កោះតៃវ៉ាន់កំពុងប្រឹងប្រែងពង្រឹងសមត្ថភាពកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនឱ្យកាន់តែរឹងមាំ ដើម្បីអាចមានលទ្ធភាពទប់ទល់ជាមួយកម្លាំងយោធាដ៏មានឥទ្ធិពលរបស់មហាយក្សចិន ដែលមានទំហំធំជាងខ្លួនឆ្ងាយខ្លាំង ។

ក្រៅពីការលក់អាវុធ យុទ្ធសាស្ត្រសន្តិសុខជាតិរបស់រដ្ឋបាលលោក Trump ដែលបានបង្ហាញកាលពីដើមខែនេះ បានសង្កត់ធ្ងន់ថា អាមេរិកមានគោលបំណងទប់ស្កាត់ជម្លោះកើតលើកោះតៃវ៉ាន់ ដើម្បីរក្សាការប្រកួតប្រជែងផ្នែកយោធាក្នុងតំបន់ប្រឆាំងនឹងប្រទេសចិន ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner