ស៊ុយអែត ដែលលក់យន្តហោះចម្បាំងឲ្យ ថៃ ប្រាប់ពលរដ្ឋខ្លួនកុំទៅកៀកព្រំដែនមានជម្លោះ
បាងកក ៖ ប្រទេសស៊ុយអែតដែលលក់យន្តហោះចម្បាំង Gripen ទៅឲ្យប្រទេសថៃ កាលពីថ្ងៃពុធបានប្រាប់ពលរដ្ឋរបស់ខ្លួន ប្រយ័ត្នប្រយែងពីសុវត្ថិភាពនៅក្នុងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ។
ស្ថានទូតស៊ុយអែតប្រចាំទីក្រុងបាងកកប្រទេសថៃ បានចេញសេចក្តីព្រមានយ៉ាងខ្លាំងក្លា ដល់ប្រជាពលរដ្ឋរបស់ខ្លួន ដោយណែនាំកុំឲ្យធ្វើដំណើរក្នុងចម្ងាយ ៥០ គីឡូម៉ែត្រ ពីព្រំដែនថៃ-កម្ពុជា ។ ទីតាំងដែលប្រកាសប្រកាសអាសន្ននោះ រួមមាននៅបណ្តាកោះ ភាគខាងកើត នៃ ខេត្តត្រាត ដូចជា កោះឆាង កោះគុត និងកោះម៉ាក់ ។
បើតាម Aseannow, ការព្រមាននេះ ចំពេលដែលក្រុមហ៊ុនលក់អាវុធស៊ុយអែត Saab បានភ្ជាប់ខ្លួន ទៅនឹងស្ថានភាពតានតឹងរវាងកម្ពុជា និងថៃ ។ ប្រភពរៀបរាប់ថា ក្រុមហ៊ុន Saab ដែលជាក្រុមហ៊ុនផ្គត់ផ្គង់យន្តហោះចម្បាំង Gripen ដល់ប្រទេសថៃ ត្រូវបានគេរាយការណ៍ គាំទ្រប្រទេសមួយនេះ ក្នុងប្រតិបត្តិការយោធារបស់ខ្លួនបំពានមកលើកម្ពុជា ។
យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន ដែលបង្ហោះតាមបណ្តញសង្គម ក្នុងខែធ្នូនេះ, តួនាទីរបស់ក្រុមហ៊ុន Saab ក្នុងការផ្តល់ការគាំទ្រផ្នែកយោធាដល់ប្រទេសថៃ អាចធ្វើឲ្យទំនាក់ទំនងការទូត កាន់តែស្មុគស្មាញ ជាពិសេសពាក់ព័ន្ធនឹងការហោះមកលេងកម្សាន្តមកកាន់ប្រទេសមួយនេះ ។
កន្លងមក ប្រទេសស៊ុយអែត ក៏តែងតែព្រមានដល់ពលរដ្ឋរបស់ខ្លួន ឲ្យប្រុងប្រយ័ត្ន ចំពោះការទៅលេងតំបន់ព្រំដែនដ៏រសើបផ្សេងទៀតរបស់ថៃផងដែរ ដូចជា ខេត្ត ណារ៉ាធីវ៉ាត់, ខេត្តយ៉ាឡា, ខេត្តប៉ាតានី និងខេត្តសុងក្លាជាដើម ៕
ប្រភពពី Aseannow ប្រែសម្រួល ៖ សារ៉ាត